ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចិន មានទឹកប្រាក់ប្រមាណជាង ៥ ០០០លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅចិននូវទំនិញសក្ដានុពល មួយចំនួន មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប ព្រមទាំងកសិផល។ល។
បើតាមរបាយការណ៍ ចិនបាននាំចូលមកកម្ពុជានូវទំនិញសំខាន់ៗ ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ ផលិតផលប៉្លាស្ទិក និងផលិតផលជាច្រើនទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR CAMBODIA កាលពេលថ្មីៗនេះ បានលើកឡើងថា ភាពរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ចិនបានឡើយ ហើយតាមរយៈការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អនានារបស់មិត្តចិន បានធ្វើឱ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងចក្ខុវិស័យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជាចិន ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភាគីកម្ពុជា-ចិន បានឯកភាពគ្នាបង្កើតទ្បើងកាលពីខែកម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនធំៗនៃប្រទេសចិន បានទាក់ទាញឱ្យក្រុមហ៊ុនចិនផ្សេងៗទៀត ងាកឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជា ជាក់ស្តែងដូចជាគម្រោងវារីអគ្គិសនី គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿន និងគម្រោងផ្សេងៗជាច្រើនទៀត៕