បញ្ហាអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ គ្មានអាជ្ញាបណ្ណ ជាកំហុសអ្នកណា?

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរជំនាញបន្តចេញលិខិតប្រកាសអំពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីចំនួន ៤ ដែលធ្វើការវិនិយោគលំនៅឋានគ្មានអាជ្ញាបណ្ណអនុញ្ញាតពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងចំនួន១ទំព័ររបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ តែត្រូវបានចែកចាយនៅលើបណ្តាញសង្គមនាថ្ងៃពុធនេះ បានប្រាប់ឱ្យសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋាន ដែលគ្មានអាជ្ញាបណ្ណចំនួន៤ រួមមាន៖ ទី១ បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ ទី២. បុរី ទ្រី គីម គួរស្រូវ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ៣. សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤. បុរី THE ROYAL GARDEN ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជុំវិញការដែលចេញមកបញ្ជាក់របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅពេលនេះ ត្រូវបានអ្នកជំនាញមើលឃើញថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ករណីអ្នកអភិវឌ្ឍន៍លំនៅឋានគ្មានអាជ្ញាបណ្ណគួរមានវិធានការច្បាប់ជាជាងជូនដំណឹង ដើម្បីកុំឲ្យមានការធ្វើអាជីវកម្មអត់មានច្បាប់ ឬអាជ្ញាបណ្ណតទៅទៀត។

អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យមួយរូបសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា «កាលដែលបន្តឲ្យមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានគ្មានអាជ្ញាបណ្ណកើតឡើងដដែលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា គឺកើតឡើងដោយសារទី១ ម្ចាស់គម្រោងអភិវឌ្ឍន៍។ លោកថា ក្នុងនាមអ្នកអភិវឌ្ឍហេតុអ្វីមិនគោរពច្បាប់ ព្រោះច្បាប់បានបញ្ជាក់ហើយមុនអភិវឌ្ឍត្រូវបំពេញកាតព្វកិច្ចយកអាជ្ញាបណ្ណអ្វីខ្លះ មុនដាក់លក់ឲ្យប្រជាពលរដ្ឋ និងទី២ ស្ថាប័នជំនាញដែលទទួលខុសត្រូវចេញអាជ្ញាបណ្ណអភិវឌ្ឍន៍ ក៏ត្រូវតែតាមដានត្រួតពិនិត្យទៅលើម្ចាស់គម្រោងអភិវឌ្ឍន៍នៅពេលដាក់លក់លំនៅឋាន តើមានអាជ្ញាបណ្ណត្រឹមត្រូវហើយឬនៅ ប្រសិនបើគ្មានអាជ្ញាធរត្រូវណែនាំឲ្យមកបំពេញកាតព្វកិច្ចយកអាជ្ញាបណ្ណជាមុន»។

លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ថា បើម្ចាស់គម្រោងនៅតែមិនមកយកអាជ្ញាបណ្ណនោះទេ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវចុះអន្តរាគមន៍ជាមួយអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ករណីអ្នកអភិវឌ្ឍន៍លំនៅឋានគ្មានអាជ្ញាបណ្ណគួរមានវិធានការច្បាប់ជាជាងជូនដំណឹង។ បើតាមអ្នកជំនាញរូបនេះ បញ្ហាកើតឡើងដដែលនេះគឺដោយសារកាតគ្រប់គ្រងមិនបានច្បាស់លាស់ទៅតាមនីតិវិធីច្បាប់។

ទន្ទឹមនឹងនេះ អ្នកជំនាញដដែលក៏បានគូសបញ្ជាក់បន្ថែមទៀតថា «នៅពេលនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើការជូនដំណឹងតាមបណ្តាញសង្គម តើប្រជាពលរដ្ឋប៉ុន្មាននាក់ទទួលបានព័ត៌មានដឹងពីការជូនដំណឹងថាតើក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមានចំនួនប៉ុន្មានគ្មានអាជ្ញាបណ្ណអភិវឌ្ឍន៍? ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កាត់បញ្ហា និងការពារជាមុន បើមិនដូច្នេះទេបញ្ហានេះនៅតែបន្តកើតមានឡើងដដែលក្នុងវិសយអចលនទ្រព្យប្រទេសកម្ពុជា»៕