នៅទីបំផុតកម្ពុជា អាចធ្វើបានហើយ សម្រាប់គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់អគ្គិសនីឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចរណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ក្នុងតម្លៃសមរម្យ។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនរង តាមរយៈខ្សែបណ្តាញតង់ស្យុងមានកម្លាំង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ បានចំណាយថវិកាសរុបចំនួន ១០.៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២.១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩.៦២ គីឡូម៉ែត្រ ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១.៥១គីឡូម៉ែត និងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ប្រវែងសរុបប្រមាណ ២១.០២ គីឡូម៉ែត្រ។
សូមជម្រាបជូនថា ក្នុងការអនុវត្តគម្រោងជាប្រវត្តិសាស្រ្តមួយនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគប្រមាណ៥ លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់ដោយគ្មានការប្រាក់ សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះក្នុងទឹកប្រាក់ ១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជាបដិភាគនៅក្នុងសុឆន្ទៈនៃការសហប្រតិបត្តិការ និងជួយបន្ធូរបន្ថយផ្នែកថវិការបស់អគ្គិសនីកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់ខ្សែបណ្តាញអគ្គិសនីអាកាសតង់ស្យុង ៣៥ គីឡូវ៉ុល ប្រវែងសរុបប្រមាណ២២ គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង២០ គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០.៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០.៨គីឡូម៉ែត្រ និងដំឡើងត្រង់ស្វូរ 35/0,4kV មានចំនួន ២៣ គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លារអាមេរិក។
បន្ថែមទៀតនោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ លើសពីនេះទៀត ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែង លើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ៕