នៅក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករ ក្នុងវេទិកាស្តីពីពន្ធដារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានការព្យាករណ៍ថា ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ២០២៣ នឹងសម្រេចបានក្នុងរង្វង់ប្រមាណ១០៥ភាគរយ។
បើតាមលោក គង់ វិបុល សម្រាប់ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនរង្វង់ ៥,៦០% ហើយការប្រមូលចំណូលពន្ធដារ ក៏ត្រូវបានព្យាករណ៍ថានឹងសម្រេចបានក្នុងអត្រា១០៥% ផងដែរ។
លោក បន្តថា ទោះបីជាឆ្នាំ២០២៣នេះ ជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្តី ក៏ស្ថានភាពចំណូលពន្ធដារសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ សម្រេចបានយ៉ាងល្អប្រសើរ ដែលការណ៍នេះបាននិងកំពុងឆ្លុះបញ្ចាំងអំពីជំនឿចិត្តរបស់ធុរជន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា។
គួររម្លឹកផងដែរថា រយៈពេល ៥ ខែ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ប្រមាណជា ១ ៨២៦,៦៩ លានដុល្លារ ស្មើនឹង ៥១,១៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់បន្ថែមថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ដែលមានប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ៕