បាភ្នំ ជាគ្រាប់ពេជ្រធម្មជាតិដ៏ធំអស្ចារ្យមិនទាន់កែច្នៃរបស់ខេត្តព្រៃវែង។ ស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បាភ្នំមានភ្នំដ៏ធំមួយដែលមានកូនភ្នំ៥៖សំពៅ ចេតិយ បញ្ចា អ្នកតាទូលក្នៀស និងល្អាង តជាប់គ្នាជាជួរ។ ស្ថិតនៅក្បែរបាភ្នំ មានភ្នំតូចមួយទៀត។ តើអ្នកដឹងទេពាក្យថាភ្នំ? ភ្នំគឺជាកន្លែងដ៏ខ្ពស់ដែលមានបារមី។

នៅលើបាភ្នំមានលោកយាយពណ៌សាឡី ប្រាសាទដំរីក្បាលបី ប្រាសាទព្រះពលា ប្រាសាទសាលាបុណ្យ ប្រាសាទជណ្ដើរបែកជាបី ប្រាសាទបានជ័យ ប្រាសាទពពាលខែ ប្រាសាទព្រះសេអាមេត្រី ប្រាសាទព្រះពិស្ណុការ ប្រាសាទស្គរជ័យ ប្រាសាទបិតាព្រះធម៌ ប្រាសាទភ្នំខ្សាច់ ជណ្ដើរពេន លោកតាបង្បត់ អ្នកសច្ចំខន្តី លោកយាយទេព ជាដើម។
មានជណ្តើរប្រាក់ ជណ្ដើរមាស និងជណ្ដើរពេជ្រសម្រាប់នាំយើងឡើងទៅដល់លើបាភ្នំ។
រិតតែអស្ចារ្យទៀតគឺ នៅក្បែរបាភ្នំមាន៖

១)ទួលនេនទុំលាចាកសិក្ខាបទដែលទួលនេះស្ថិតនៅក្នុងបរិវេណវត្តវិហារធំ ខាងកើតព្រះវិហារ។
២)ប្រាសាទព្រះវិហារច័ន្ទ នៅជើងភ្នំ។
៣)ទួលអ្នកតាមេ.សរ ដែលមានបារមីស័ក្តសិទ្ធិនៅខាងកើតបាភ្នំប្រហែល១.៥គីឡូម៉ែត។
៤)ស្រះស្រម នៅខាងកើតបាភ្នំប្រហែល៧០០ម៉ែត។
៥)ស្រះបិទបាយ (ខាងជើងបាភ្នំប្រហែល១.៥គីឡូម៉ែត) និង
៦)រូបសំណាក់នេនទុំ (ដឹកចានឆ្នាំងតាមរទេះគោ យកទៅលក់ឲ្យនាងទាវ)។

សូមជម្រាបថា បាភ្នំ ព្រះវិហារធំ ព្រះវិហារគុក និងព្រះវិហារច័ន្ទ បានចុះក្នុងបញ្ជីសារពើភណ្ឌជាសម្បត្តិបេតិកភណ្ឌជាតិ រួចហើយ។ រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំអភិរក្សបាភ្នំ និងព្រះវិហារទាំងបីខាងលើជាតំបន់បេតិកភណ្ឌ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់។
ក្រុមការងារថតនៅ ខែកក្កដា ឆ្នាំ២០២០ និងសូមជូនពរអ្នកអានទទួលបានសុខភាពល្អ សុភមង្គលគ្រប់ៗគ្នានិងចៀសផុតពីជំងឺកូវីដ-១៩។



















ប្រភព៖ Heritages Daily-បេតិកភណ្ឌប្រចាំថ្ងៃ