ក្រសួងពាណិជ្ជកម្មក្រៅពីបានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើននៅបច្ចុប្បន្ន លោក ប៉ាន សូរស័ក្ត បានចាត់ទុកការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលបាននិងកំពុងធ្វើឬសម្រេចបាន ជាជោគជ័យដ៏ត្រចះត្រង់ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តតាកែវ នៅថ្ងៃទី២២ ខែមិថុនានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យពាណិជ្ជកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។
លោកបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានមានដូចជា ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់,ការចុះបញ្ជីក្រមហ៊ុន-សហគ្រាសតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា, ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការពង្រឹងតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចេញនាំចូល, ការបន្តធ្វើពិពិធកម្មទីផ្សារនិងផលិតផលរបស់កម្ពុជា រួមទាំងការសម្របសម្រួល និងបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចប្រកបដោយអំណោយផល, ការអង្កេតតាមដាន និងត្រួតពិនិត្យ គុណភាព សុវត្តិភាព ផលិតផលទំនិញ និងសេវា សំដៅការពាអ្នកប្រើប្រាស់ លើកកម្ពស់នូវការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងវិស័យពាណិជ្ជកម្ម ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា«លើសពីនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដោយសម្រេចបានជោគជ័យត្រចះត្រចង់ជាប្រវត្តិសាស្ត្រ មានជាអាទិ៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) ព្រមទាំងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក»។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់៕
អត្ថបទ៖ សារេត