ពន្ធដារ៖ មកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីនៅឡើយ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។នេះបើតាមបើយោងតាមសេចក្តីជូនដំណឹងរំលឹកពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ របស់អង្គភាពពន្ធដារ ដែលផ្សាយចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា៖« រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣»។

អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ទៀត ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន ហេតុនេះអគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យទាំងអស់ពិតជានឹងមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលកំណត់។

គួរបញ្ជាក់ដែរថា ចំពោះបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើប្រភេទអចលនទ្រព្យខាងលើ សាធារណជនអាចអញ្ជើញទៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ វឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store ជាដើម៕

អត្ថបទ៖​ពិសី