រាជរដ្ឋាភិបាល បង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឲ្យស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល សម្រេចការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោម ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាព នៃការដឹកនាំការគ្រប់គ្រង និងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើបេសកកម្ម ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត ផែនការច្បាប់ និងលិខិតបទដ្ឋានគិតយុត្តផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មាននាយកដ្ឋានក្រោមឱវាទចំនួន៣ រួមមាន៖ នាយកដ្ឋាន កិច្ចការទូទៅ, នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងនាយកដ្ឋានកម្មវិធីសេដ្ឋកិច្ចឌីជីថល។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គម ឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់ដំណាក់ កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕