តើមកទល់បច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនប៉ុន្មាន?

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«វិធានដើមកំណើតទំនិញ សម្រាប់វិស័យឯកជន» កាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០ ជាមួយបណ្តាប្រទេសផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សែ សុឃន ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងតែមានក៏ដូចជាកំពុងអនុវត្តជាមួយបណ្តាប្រទេសនានានោះ រួមមាន
១)កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)
២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA)
៣)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA)
៤) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -ឥណ្ឌា(AIFTA)
៥)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA)
៦)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP)
៧)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
៨)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង(AHKFTA)
៩) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)
និង១០)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។

លើសពីនេះ កម្ពុជាក៏បានបញ្ចប់ការចរចាជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងទៀតផងដែរ។

លោក បន្តថា កន្លងមក ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលកម្ពុជា រំពឹងបានមកវិញនោះ គឺមានការកើនឡើងចំណូលពន្ធជាបន្តបន្ទាប់ថែមទៀតនាពេលអនាគត។លើសពីនេះ នឹងមានកំណើនសេដ្ឋកិច្ចជារួម តាមរយៈកំណើនវិនិយោគនិងផលិតកម្មក្នុងស្រុក និងកំណើនទីផ្សារនាំចេញទំនិញទៅក្រៅប្រទេសជាដើម។

គួរឱ្យដឹងផងដែរថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៥ពាន់៣រយលានដុល្លារ បានធ្លាក់ចុះជាង ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕