គិតត្រឹមខែមិថុនាឆ្នំា២០២៣នេះកម្ពុជាមានអគារខ្ពស់ៗរហូតដល់២៥៨៦អគារនៅទូទំាងប្រទេស។ការកើនឡើងនៃចំនួនអគារខ្ពស់ៗនេះត្រូវបានអ្នកជំនាញចាត់ទុកថាវាជាសញ្ញាមួយបង្ហាញឱ្យពីការរីកចម្រើននៅក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន។
លោក ឡៅ ទិព្វសីហា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបីយកមុ្មនិងសំណង់ បានឱ្យដឹងថា សម្រាប់សំណង់អគារខ្ពស់ៗនៅទូទំាងប្រទេសកម្ពុជាចាប់ពី៥ជាន់ឡើងទៅមានចំនួន២៥៨៦អគារ នៅក្នុងនោះក្រុងភ្នំពេញមាន១៧១១អគារ, ខេត្តព្រះសីហនុមាន៩៩០អគារ,បន្ទាយមានជ័យមាន១៤២អគារ និងខេត្តផ្សេងទៀតមាន៤៣អគារ។ នេះគឺជាចំនួនមួយធំហើយយើងមានការសារទរចំពោះអគារខ្ពស់ៗនៅកម្ពុជា។
លោកគូសបញ្ជាក់ថា«នៅកម្ពុជាអគារដែលខ្ពស់បំផុតចាប់ពី៤០ជាន់ឡើងទៅមានចំនួន៥២អគារ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury 21 Mekong បានឱ្យដឹងថា ការអភិវឌ្ឍវិស័យអចលនទ្រព្យទាមទាររយៈពេលពី៥ទៅ១០ឆ្នំា។នៅក្នុងការកសាងនិងការអភិវឌ្ឍអគារខ្ពស់ៗគឺតែងតែធ្វើបន្តរហូតមិនថាប្រទេសយើងជួបបញ្ហាជំងឺកូវីដ១៩ឬមិនជួបវិបត្តិនោះទេ វាអាស្រ័យទៅលើអ្នកវិនិយោគ បើសិនគាត់មានលទ្ធភាពទោះបីមាបបញ្ហាប្រឈមក៏គាត់នៅតែមានលទ្ធភាពសាងសង់ជាធម្មតា។
លោកសង្កត់ធ្ងន់ថា «ការកើនឡើងនៃអគារខ្ពស់ៗនៅកម្ពុជាវាបង្ហាញឱ្យឃើញពីសញ្ញានៃការរីកចម្រើននៅក្នុងវិស័យសំណង់ក្នុងពេលបច្ចុប្បន្ន ហើយត្រៀមទុកដើម្បីផលិតឬដើម្បីលក់នៅពេលអនាគតផងដែរ»។
ទន្ទឹមនិងការសាងសង់អគារខ្ពស់ៗនៅកម្ពុជាកើនឡើងបង្ហាញពីការរីកចម្រើននៅក្នុងវិស័យសំណង់ លោក ច្រឹក សុខនីម មានប្រសាសន៍ថា តម្រូវការក្នុងការប្រើប្រាស់អគារលំនៅឋាននាពេលបច្ចុប្បន្ននៅកម្ពុជាមិនទាន់មានលើសពីតម្រូវការនៅឡើយទេ។ ដូចនេះឱកាសនៅក្នុងការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យនៅតែមានសក្តានុពលធំ បើទោះជាបញ្ហាសព្វថ្ងៃដែលយើងឃើញមានស្ថានភាពប្រឈមខ្លះដែលបានកើតឡើងជាសកលមិនមែនតែកើនឡើងនៅក្នុងប្រទេសកម្ពុជាឬក្នុងតំបន់ទេ វាជាបញ្ហាប្រឈមនៃការដើរយឺតនៃសេដ្ឋកិច្ចសកលនៅ២ឬ៣ឆ្នំាចុងក្រោយបន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលស្ថានភាពនេះគាប់ប្រសើរមកវិញនោះវិស័យសំណង់និងអចលនទ្រព្យនឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីទ្រទ្រង់ឬជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់៕ អត្ថបទ៖សារេត