ក្រោយមានការរិះគន់ជាបន្តបន្ទាប់អំពីការធ្វើសំណង់ក្បែរដងស្ទឹងសង្កែពីសំណាក់មហាជន លោក សុខ លូ អភិបាលខេត្តបាត់ដំបង ចេញមកបញ្ជាក់ថា សំណង់អាគារដែលកំពុងសាងសង់លយចូលច្រាំដងស្ទឹងសង្កែនោះ គេបានសាងសង់នៅលើដីកម្មសិទ្ធិរបស់គេ តាមលំនាំនឹងតាមដំណេកស្ទឹងពីធម្មជាតិ។
ការបញ្ជាក់របស់លោក សុខ លូ ធ្វើឡើងបន្ទាប់ពីកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកបានឲ្យជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀតពាក់ព័ន្ធនឹងសំណង់អាគារនោះ ហើយបានដឹកនាំប្រជុំពិនិត្យនៅល្ងាចថ្ងៃដដែលនិងចុះទៅទីតាំងផ្ទាល់ក្រោយប្រជុំចប់។

បើតាមលោកអភិបាលខេត្តបាត់ដំបង ក្រោយចុះពិនិត្យជាក់ស្តែងបានពិនិត្យឃើញថា៖ សំណង់អាគារគឺនៅលើដីកម្មសិទ្ធិរបស់គេ, ការធ្វើច្រាំងស្ទឹងគឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាតគឺម្ចាស់គាត់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះភាគីម្ចាស់សំណង់បានឯកភាពកាយចេញឲ្យបានអស់ដូចស្ថានភាពដើមនិងឲ្យបានលឿនមុនទឹកឡើង។ ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសរសរ អាក្រក់មើលហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សំណង់ជាផ្ទះឯកជននេះត្រូវបានអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធរួចមកហើយ ដោយមិនមានការបំពានលើដីច្រាំស្ទឹងរបស់ដីឡើយ។
អាជ្ញាធរខេត្តបញ្ជាក់ទៀតថា ការបង្ហោះព័ត៌មាននានា មានលក្ខណៈ «ញុះញង់ បំភាន់ បំភ្លៃ ពីការពិត» ក្នុងគោល បំណងវាយប្រហារមកលើអាជ្ញាធរតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងចេញ ផ្សាយកាលពីថ្ងៃព្រហស្បតិ៍៕
