ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញឱ្យមានការរៀបចំច្បាប់តុលារការពាណិជ្ជកម្មនៅកម្ពុជាឱ្យបានលឿនតាមដែលអាចធ្វើបាន ដើម្បីពង្រឹងនៅការជឿជាក់លើការធ្វើធុរកិច្ចនៅកម្ពុជា ។ ការជម្រុញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដើម្បីក្លាយជាមូលដ្ឋានគតិយុត្តិសម្រាប់បច្ចុប្បន្ន និងអនាគត ហេតុនេះ ជំរុញឱ្យមានការពន្លឿនឱ្យមានការរៀបចំច្បាប់តុលាការពាណិជ្ជកម្មឱ្យបានរួចនៅក្នុងនីតិកាលខាងមុខនេះ ដើម្បីផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« សូមរៀបចំច្បាប់តុលារការពាណិជ្ជកម្មនេះឡើង ធ្វើយ៉ាងណាឱ្យរួចនៅនីតិកាលខាងមុខ ព្រោះរាល់ថ្ងៃការងារតុលាការកាន់តែធំ កាន់តែច្រើន គឺកាត់ក្តីគ្រប់រឿង និងមានការងារដោះស្រាយមមាញឹកច្រើនហើយ ចឹងទេយើងត្រូវតែមានតុលាការឯកទេសច្បាស់លាស់ ដើម្បីជំរុញឱកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលាយ»។
សម្ដេចតេជោ ហ៊ុន សែន ក៏សង្កត់ធ្ងន់ដែរថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា៕
អត្ថបទ៖ ពិសី