ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម តម្លៃជាង ៤លានដុល្លារ នៅក្នុងខេត្តកំពង់ធំ ជូនរដ្ឋាបាលខេត្តគរប់គ្រង និងប្រតិបត្តិការបន្ត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហើបពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងមានវត្តមាននៅខេត្តកំពង់ធំនាពេលខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ ដែលបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងរួមចំណែកលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាបកាន់តែប្រសើរឡើង។

ទន្ទឹមនឹងសមិទ្ធផលថ្មី ទីលានទុកដាក់សំរាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីសមិទ្ធផលធំៗនានា ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បានអនុវត្ត កំពុងអនុវត្ត និងគ្រោងអនុវត្ត។លើសពីនេះ គម្រោងធំៗ ទាំងនោះក៏មានវត្តមាននៅក្នុងខេត្តកំពង់ធំផងដែរ ដោយក្នុងនោះរួមមាន៖ គម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង, គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឆ្លងកាត់កំពង់ធំ ដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់, គម្រោងសិក្សាផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញជាដើម៕
