កម្ពុជា គ្រោងនាំចេញអង្ករប្រមាណជាង២ពាន់តោន បន្ថែមទៀត ទៅហ្វីលីពីន នាបំណាច់ខែមិថុនានេះ

សង្គម​ និង​សេដ្ឋកិច្ច

អង្ករកម្ពុជា ត្រូវបានប្រកាសបើកច្រកទីផ្សារនាំចេញទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ជាលើកទី២ បន្ទាប់ពីបាននាំចេញម្តងរួចមកហើយ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន ក្រោមការដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងភាគីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា បន្ទាប់ពីកម្ពុជា បាននាំចេញអង្ករទៅហ្វីលីពីន នៅក្នុងចុងខែឧសភាកន្លងទៅ ក្នុងបរិមាណចំនួន ២ ៥៧៥ តោន ទទួលបានជោគជ័យ នាពេលនេះកម្ពុជាគ្រោងនឹងនាំចេញបន្តទៅហ្វីលីពីន បរិមាណ ២ ៥០០តោនទៀត នៅបំណាច់ខែមិថុនាខាងមុខនេះ។

លោក បន្តថា កម្ពុជាសម្រេចបាននូវជំហ៊ានថ្មីមួយទៀត ក្នុងការបើកទីផ្សារ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ដែលជាទីផ្សារដ៏មានសក្តានុពល សម្រាប់វិស័យស្រូវ-អង្ករនេះ។

លើសពីនោះ លោក ក៏បានគូសបញ្ជាក់ថា នេះជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់ផ្តើមពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន ដែលភាគីទាំងពីរ នឹងប្រឹងប្រែងធ្វើការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើកិច្ចការផ្សព្វផ្សាយជម្រុញទីផ្សារ និងទាក់ទាញអតិថិជនហ្វីលីពីនអោយចូលចិត្តប្រើប្រាស់ និងទទួលទានអង្ករកម្ពុជាឱ្យកាន់តែច្រើនឡើង ។

គួរបញ្ចាក់ថា នេះជាការនាំចេញអង្ករកម្ពុជាជាលើកទី២ហើយទៅកាន់ហ្វីលីពីន ក្នុងឆ្នាំ២០២៣ ដោយលើកទី១ ការនាំចេញក្នុងបរិមាណចំនួន ២,៥៧៥តោន ក្នុងខែឧសភា ដែលនេះចាត់ទុកថាជាជោគជ័យមួយរបស់ប្រទេសកម្ពុជា ក្នុងការនាំចេញអង្ករចូលទីផ្សារថ្មី។ប្រទេសហ្វីលីពីនជាប្រទេសដែលនាំចូលអង្ករប្រមាណជាង៤លានតោន ជារៀងរាល់ឆ្នាំ៕