រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីដល់គម្រោងវិនិយោគចំនួន ៩គម្រោងក្នុងទំហំទុនសរុប ៥៤,៨ លានដុល្លារអាមេរិក ហើយដែលអាចបង្កើតការងារបានប្រមាណ ១០.៤៣៩កន្លែង ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន ៥ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងស្វាយរៀង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៧ ដែលបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតកាបូបគ្រប់ប្រភេទ, រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង, ផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ២ គឺគម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ និងផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ។
ទន្ទឹមនឹងការចុះបញ្ជីឲ្យវិនិយោគបន្តក្នុងទីផ្សារនៅប្រទេសកម្ពុជា នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលអញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត៥,៦% នៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់ ៦,៦% ដែលកំណើនទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា៕