ផ្លូវជាតិលេខ៥០សេ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ និងកំពង់ផែពហុបំណងខេត្តកំពង់ឆ្នាំង នឹងក្លាយជាប្រព័ន្ធផ្លូវតភ្ជាប់ការដឹកជញ្ជូនទំនិញពីតំបន់ទន្លេសាប ទៅកាន់កំពង់ផែសមុទ្រ ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
ក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងផ្លូវ៥០សេ គឺរដ្ឋាភិបាលបានសិក្សាចប់សព្វគ្រប់អស់ហើយ ទាំងបរិស្ថាន និងជលផល ឃើញថាមិនមានការប៉ះពាល់អ្វីឡើយ។ហើយគម្រោងនេះ នឹងរៀបចំបើការដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខ។
លោក ស៊ុន ចាន់ថុល បានបន្តថា សម្រាប់កំពង់ផែពហុបំណងខេត្តកំពង់ឆ្នាំង ដែលជាកំពង់ផែឯកជន សាងសង់ ដើម្បីយកទំនិញកសិផល ផលិតផលក្នុងតំបន់ រ៉ែ ដើម្បីយកទៅលក់ក្នុងទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារបរទេសផងដែរ។ ដូច្នេះ ការសាងសង់កំពង់ផែ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងខ្សែផ្លូវ៥០សេ។
លោកទេសរដ្ឋមន្ត្រី បានរំពឹងថា គម្រោងទាំង២នេះក៏នឹងក្លាយជាការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកដ៏មានសារៈសំខាន់ និងក៏ជាការតភ្ជាប់ឆ្ពោះទៅគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការដឹកជញ្ជូនទៅមករវាងទឹកសាប និងទឹកប្រៃជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
លើសពីនោះ លោក បានបញ្ជាក់ថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដើរតួដូចជាសរសៃឈាម វាសំខាន់ណាស់។ដូច្នេះ ការដាក់ទុនច្រើនទាំងថវិកាជាតិ ទាំងថវិកាកម្ចីសម្បទាន ដើម្បីជម្រុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។
គួរឱ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវ ៥០ សេប្រវែងជាង ៥៨ គីឡូម៉ែត្រមានទីតាំងស្ថិតនៅក្នុងតំបន់បឹងទន្លេសាបប្រមាណ ១៥០ ហិកតា ដែលផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ គម្រោងផ្លូវនេះដែរក៏មានលូប្រមាណ ១០០ លូនិងស្ពានចំនួន៥។
ចំណែកកំពង់ផែពហុបំណង សាងសង់ដោយក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ព័រថេសិន ឯ.ក (KLP.T Transportation Company Limited) ក្នុងទុនវិនិយោគចន្លោះពី ៣០០-៥០០ លានដុល្លារ ដែលកំពង់ផែនេះនឹងជួយលើកកម្ពស់ចរាចរណ៍ទំនិញ ពិសេសផលិតផលកសិផលពីបណ្តាខេត្តជាប់ទន្លេសាបទៅទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ស៊ីណាត