ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ មានសមត្ថភាពផលិត ២លានតោនក្នុងមួយឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលខាងមុខ ខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ដែលនឹងរួមចំណែកផ្គង់ផ្គង់ស៊ីម៉ងត៍នៅទូទាំងប្រទេស។នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមាននរណានឹកស្មានដល់ថា កំពង់ស្ពឺមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះឡើយ។ បើតាមសម្តេចតេជោ ខេត្តកំពង់ស្ពឺជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ។ ក្រៅពីរោងចក្រកាត់ដេរ ខេត្តនេះមានឧស្សាហកម្មកែច្នៃកសិផល ហើយនឹងមានឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រស៊ីម៉ងត៍ ដែលមិនមានយកថ្មភ្នំនោះទេ គឺយកថ្មពីក្រោមដីមកវិញ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសចំនួន ៣៨៥ មានកម្មករនិយោជិតជាង១៥ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ អក្ខរា