សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឱ្យកំលាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ បញ្ចេញកំលាំង៥០០នាក់ ជាមួយអាវុធ២០០ដើម ដើម្បីពង្រាយគ្រប់ច្រកល្ហក សម្រាប់ការបាញ់ទម្លាក់ដ្រូនជាច្រើន ដែលបានហោះចូលទឹកដីកម្ពុជា តាមព្រំដែនខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ។
តាមរយៈសារជាបន្ទាន់នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី បានចេញបញ្ជាឱ្យ សម្តេចពិជ័យសេនា ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្ស ពិនសេន អគ្គបញ្ជាការនៃកងខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងប្រដាប់អាវុធត្រៀមបាញ់ទម្លាក់ដ្រូនដែលហោះចូលក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ ។ ការចេញបទបញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីមានដ្រូនជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាគីវៀតណាមបានបដិសេធថា ដ្រូនទាំងនោះ មិនមែនជារបស់ខ្លួននោះទេ ដូច្នេះសម្តេចតេជោ បានប៉ានស្មានថា ដ្រូនដ៏ច្រើននេះ គឺជាដ្រូនរបស់ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវ៉ៃប្រហារទៅក្នុងទឹកដីវៀតណាម ដោយមួយចំនួនកំពុងបាក់ទ័ព ចូលទឹកដីកម្ពុជា។
ក្នុងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសម្តេចពិជ័យសេនា ទា បាញ់ លោក វង្ស ពិនសេន អគ្គបញ្ជាការនៃកងខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធ សម្រាប់បាញ់យន្តហោះ (ដ្រូន) ទៅកាន់ទីកន្លែង ដែលដ្រូនហោះចូល ដោយប្រអាវុធដ៏ទំនើបដើម្បីបាញ់ទម្លាក់រាល់ដ្រូនដែលហោះចូលមកកាន់ទឹកដីកម្ពុជា៕