សម្តេចតេជោ បង្ហាញមោទនភាពចំពោះខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយតំបន់ឧស្សាហកម្មធន់ធ្ងន់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយជាតំបន់ឧស្សាហកម្មធន់ធ្ងន់ រួមទាំងនាំចេញតាមច្រកសមុទ្រ ទៅកាន់ទីផ្សារអន្តរជាតិដ៏មានសក្តានុពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ ជាបន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញដោយមោទនភាពពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។

ទន្ទឹមគ្នានេះ សម្តេចតេជោបន្តទៀតថា ខេត្តភាគនិរតី នៃប្រទេសកម្ពុជា បានក្លាយជាខេត្ត នៃសេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលដែលមាន ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។

ដោយសម្តេចតេជោបានបញ្ជាក់បន្ថែមថា៖« ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី ៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្មនេះ»។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖« នយោបាយត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ហើយគ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ»។

គួរបញ្ជាក់ដែរថា តមកដល់ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

អត្ថបទ៖ ពិសី