សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត ខណៈបច្ចុប្បន្នសេដ្ឋកិច្ចលើវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%ឯណោះ។
ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។ ទន្ទឹមគ្នានេះ សម្តេចតេជោ អះអាងបន្តថា រាជរដ្ឋាភិបាល ក៏កំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់ផងដែរ។
ក្រៅពីនេះ នាឱកាសនោះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ហើយជានិច្ចជាកាលយុទ្ធសាស្ត្រ និងមនោគមវិជ្ជារបស់សម្ដេច តែងតែក្ដាប់នូវចំណុចស្នូលចំនួន២ ដែលមានទំនាក់ទំនងជាប់ខ្សែ២ នៃចំណងមួយ ។
សម្ដេចតេជោ បន្តថា ចំណុចស្នូលទាំងពីរនោះ គឺម្ខាងត្រូវថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយឲ្យខានតែបាន ហើយម្ខាងទៀតត្រូវតែថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបាន ព្រោះទាំងពីរចំណុចនេះ ត្រូវដើរទន្ទឹមគ្នា ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជា កម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មិនភ័យបារម្ភពីបញ្ហាសង្គ្រាម ហើយបន្ទាប់ពីធូរស្រាល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គឺកាលពីឆ្នាំ២០២២ កំណើតសេដ្ឋកិច្ចកម្ពុជាកើនឡើងវិញចំនួន ៥,២ភាគរយ ខណៈនៅឆ្នាំ២០២៣នេះ រំពឹងថា នឹងកើនដល់ ៥,៦ភាគរយ ៕
អត្ថបទ៖ ពិសី