អ្នកជំនួញរបស់ចិន ចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅលើទឹកដីខេត្តកំពង់ស្ពឺ

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូ និងជាអ្នកជំនួញមកពីខេត្តហឺណាន ប្រទេសចិន បានបង្ហាញបំណងចង់បោះទុនវិនិយោគទៅលើវិស័យធំៗចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងវិស័យកសិកម្ម នៅលើទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ច និងជំនួបជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Wang Guangguo អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេស និងជាប្រធានប្រតិបត្តិ នៃសភាពាណិជ្ជចិននៅក្រៅប្រទេស ខេត្តហឺណាន បានថ្លែងថា ខេត្តហឺណាន ជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម, កសិឧស្សាហកម្ម, និងឧស្សាហកម្ម ដូចខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។

លោកបានបន្តថា ខេត្តហឺណាន ក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និងច្រើនសមាគម។ ជាមួយគ្នានេះ លោកថា ដោយសារតែវិស័យទាំង៣នេះ មានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់ មានបំណងចង់បង្កើតការវិនិយោគមួយ នៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួម គឺកសិកម្ម, កសិឧស្សាហកម្ម, និងឧស្សាហកម្ម ។

ជាការឆ្លើយតប លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រោយជំនួបនេះប្រតិភូខេត្តហឺណាន បានកំណត់រួចហើយថា នឹងយកខេត្តកំពង់ស្ពឺ ធ្វើជាខេត្តគោលដៅចម្បង សម្រាប់វិនិយោគលើវិស័យទាំង៣នេះ រួមមាន៖ វិស័យកសិកម្ម, វិស័យកសិឧស្សាហកម្ម, និងវិស័យឧស្សាហកម្ម។ ជាងនេះទៀត លោកថា នៅក្នុងជំនួបនោះដែរ អ្នកវិនិយោគនៃខេត្តហឺណាន បានរំពឹងរួចហើយថា ពួកគេនឹងធ្វើការដាំបន្លែ, ចិញ្ចឹមសត្វ, ដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។

តាមរយៈជំនួបខាងលើនោះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណាន បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មីមួយបន្ថែមទៀត ដែលអាចស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់បន្ថែមទៀតនៅពេលអនាគត ស្របពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះ រដ្ឋបាលខេត្តក៏រំពឹងទៀតថា «ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមត្រូវបានកើនឡើង នៅក្នុងទឹកដីខេត្តកំពង់ស្ពឺជាបន្ថែមទៀតផងដែរ។

សូមរម្លឹកដែរថា ប្រមុខរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បង្ហាញមោទនភាពចំពោះខេត្តកំពងស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយ តំបន់ឧស្សាហកម្មធន់ធ្ងន់ រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិដ៏មានសក្តានុពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ជាបន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ជាងនេះទៀត សម្តេចតេជោ ក៏បានកត់សម្គាល់ដែរថា គិតដល់ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

អត្ថបទ៖ ពិសី