ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រមាណជា ៣ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍន៍លើវិស័យអាទិភាពសំខាន់ៗជាច្រើន។ នេះបើតាមការប្រកាសឱ្យដឹងតាមរយៈពិធី អបអរសាទរខួបលើកទី២៤៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហរដ្ឋអាមេរិក កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ពិធីនេះ បានធ្វើឡើងក្រោមវត្តមានលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។
នាឱកាសនោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការបង្កើតនូវទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ ១៩៩១ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលជាទំនាក់ទំនងយ៉ាងស្និទ្ធស្នាល និងមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យជាច្រើននៃផលប្រយោជន៍រួម។ សហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។
លោកបានលើកឡើងទៀតថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រមាណជា ៣ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម បរិស្ថាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន ជាដើម។ ជាមួយគ្នានេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ សហរដ្ឋអាមេរិក បានបរិច្ចាគវ៉ាក់សាំង Covid-19 ជាង ៣ លានដូស និងផ្តល់ជំនួយចំនួន១៦ លានដុល្លារដល់ប្រទេសកម្ពុជា។
លោកបានបន្តទៀតថា៖« ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរនៅតែបន្តពង្រីកដោយឈានដល់ជាង ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលកើនឡើង ៤០ ភាគរយបើធៀបនឹងឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា»។
ដោយឡែកសម្រាប់ការចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា លោក លី ធុជ បានថ្លែងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សូមអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាក្នុងសកម្មភាពមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ គិតជាទឹកប្រាក់ប្រមាណជាង ១៩០ លានដុល្លារ។
សូមបញ្ជាក់ដែរថា តាមរយៈជំនួយសកម្មភាពរបស់សហរដ្ឋអាមេរិកខាងលើនេះ ពិតបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជនរងគ្រោះដោយសារមីននៅក្នុងប្រទេសកម្ពុជា ខណៈលោកក៏ថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ផងដែរ៕
អត្ថបទ៖ ពិសី