រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យបង្កើនការស្រាវជ្រាវលើការកែច្នៃប្រហុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យស្រាវជ្រាវលើការកែច្នៃប្រហុកដើម្បីនាំចេញឱ្យបានច្បាស់លាស់ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ។ការណែនាំបែបនេះ របស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការជម្រុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងអភិវឌ្ឍន៍ព្រៃកោងកាង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងទៅនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ បើតាមលោក ឌិត ទីណា បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្ដោតទៅលើបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តភាពសេដ្ឋកិច្ចពិតប្រាកដ។លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

លោក បានបន្តថា ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការ និងស្តង់ដារទីផ្សារ។

គួរឱ្យដឹងថា កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណ ៨ ៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ប្រទេសបារាំង អាមេរិក កូរ៉េជាដើម។

គួរបញ្ជាក់ផងដែរថា កម្ពុជាគ្រោងនាំចេញប្រហុក ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ដោយក្រុមហ៊ុន Confirel ហើយការនាំចេញនឹងត្រូវកែច្នៃក្រោមលក្ខខណ្ឌចំនួន ៣ រួមមាន ក្លិន រសជាតិ និងរូបរាង៕