ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សម្រេចតែងតាំង លោក គី ឌីបូម៉ា ជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តបតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក គី ឌីបូម៉ា គឺជាប្រុសច្បងរបស់លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា។ លោក គី ឌីបូម៉ា ទើបរៀនចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាប័ត្រច្បាប់កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ នៅសកលវិទ្យាល័យអារីហ្សូណា(Arizona) នៅសហរដ្ឋអាមេរិក។
នៅលើទំព័រហ្វេសប៊ុកលោក គី ឌីបូម៉ា បានប្រកាសថ្លែងអំណរអរព្រះគុណចំពោះព្រះមហាក្សត្រកម្ពុជា និងសូមគោរពដឹងគុណ ថ្លែងអំណរគុណជាអតិបរមា ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ឱកាសដល់រូបលោកបានចូលបំរេីការងារជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិត បញ្ញាញាណវៀងវៃ របស់សម្តេចតេជោ។
ទន្ទឹមនឹងនេះ លោកបានប្រកាសប្តេជ្ញាចិត្តប្រើប្រាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និង ចំណេះជំនាញដែលបានទទួលពីការសិក្សាកន្លងមកបំរេីជាតិ មាតុភាព និងក្រុមគ្រួសារសម្តេចតេជោ ដោយភាពស្មោះស្ម័គ្រ និងភក្តីភាពបំផុតរហូតតរៀងទៅ៕
