ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជាផ្លូវការហើយ។
ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ២២២/០០៤/២០២៣ កបធ.ច ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ហើយដែលមានសេចក្តីទាំងស្រុង ដូចក្នុងព្រះរាជក្រម។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះ-ឆ្នោតដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពង្រឹងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
សេចក្តីព្រាងច្បាប់ ដែលមាន០៨មាត្រានេះ គឺតាក់តែងឡើង ដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រ-កម្ពុជា ព្រមទាំង ដើម្បី ពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែល មានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះ-ឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ៕
អត្ថបទ៖ ពិសី