រដ្ឋមន្ត្រីក្រសួងការងារ បានលើកើងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត ជំរុញការនាំចេញផលិតផលវាយនភណ្ឌកម្ពុជាបន្ថែមទៀត។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) កាលព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងជំនួបនោះភាគីទាំងពីរ បានលើកឡើងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ
ផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។
ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ នាឱកាសនោះ លោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។
លោម អ៉ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
លោកមន្ត្រីបានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីដែលបានលើកឡើងខាងលើ។
ក្រៅពីការលើកឡើងនេះ ក្រសួងការងារ ក៏បានថ្លែងកោតសរសើរចំពោះមជ្ឈមណ្ឌល ACILS ដែលជួយផ្សព្វផ្សាយពីវឌ្ឍនភាពវិស័យការងារ ពីការលើកកម្ពស់កម្មករនិយោជិត លក្ខខណ្ឌការងារសមរម្យនៅកម្ពុជា រួមចំណែកជំរុញការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា ខណៈការបញ្ជាទិញផលិតផលទៅកាន់សហរដ្ឋអាមេរិក ឃើញថាមានការកើនជាងឆ្នាំមុនៗ។
គួរជម្រាបដែរថាថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ៕