អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតមកដល់ខែឧសភា ឆ្នាំ ២០២៣ បានលើកលែងពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជាង១ ពាន់ឯកសារ គិតជាប្រាក់ពន្ធសរុបជិត ៨ ប៊ីលានរៀល ត្រូវប្រមាណជិត ២ លានដុល្លារ។
បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ដែលបានចុះផ្សាយ ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញបានឱ្យដឹងថា គិតចាប់ពីការសម្រេចផ្តល់គោលការណ៍លើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យដែលមាន តម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖« ដោយរាជរដ្ឋាភិបាលកម្ពុជា គិតពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជា ១ ០២២ ឯកសារ ដែលមានប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល គិតជាប្រាក់ដុល្លារត្រូវប្រមាណជិត ២ លានដុល្លារ»។
គួរបញ្ជាក់ដែរថា ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យមានលំនៅឋានរស់នៅសមរម្យ។នេះបើតាមការបញ្ជាក់បន្ថែមពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ខាងមុខ៕