កម្ពុជា ប្រមូលចំណូលបានចំនួន ១៦,៨៧៧,៤១៨ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់ នៅក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា សម្រាប់ខែមិថុនាកន្លងទៅថ្មីៗនេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់។
គួររំលឹកថា រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧១,៥៣៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជាត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៣នេះ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១៕