ភ្នំពេញ៖ ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ខូវ ជីលី ដែលជាបិតាក្មេករបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧកញ៉ា ខូវ ជីលី បានទទួលមរណភាពកាលពីថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្នុងជន្មាយុ ៩១វស្សា ដោយជរាពាធ។

មរណភាពរបស់ លោកឧកញ៉ា ខូវ ជីលី គឺជាការបាត់បង់ដ៏ធំធេងនូវបិតាបង្កើត បិតាក្មេក ជីតានិងជីតាទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះកន្លងមកលោកឧកញ៉ា ខូវ ជីលីតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំស្ថាប័ននៅក្នុងសង្គម។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយឯកឧត្ដម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា ខូវ ជីលី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


អត្ថបទនឹងរូបភាព៖
ក្រសួងសាធារណការ និងដឹកជញ្ជូន
Ministry of Public Works and Transport – MPWT