ស្របពេលថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញអំពីអតិផរណានៅក្នុងឆមាសទី១ ឆ្នាំ២០២៣ មានអត្រាធ្លាក់ទាបក្នុងរង្វង់ប្រមាណ១,៤% ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ ធ្វើនឱ្យប្រសើរឡើងនៃស្ថានភាពផ្គង់ផ្គង់ម្ហូបអាហារ និងការថយចុះថ្លៃដើមផលិត។ ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថាមកដល់សព្វថ្ងៃនេះកម្ពុជាបាននិងកំពុងផ្គត់ផ្គង់ទំនិញនៅលើទីផ្សារបានល្អមិនមានការខ្វះខាត។លើសពីនេះកម្ពុជានៅអាចគ្រប់គ្រងតម្លៃលក់រាយប្រេងឥន្ធនៈមិនឱ្យឡើងថ្លៃខុសណ្តាប់ធ្នប់នៅលើទីផ្សារថែមទៀតផង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សម្រាប់តម្លៃទំនិញក្រសួងបានធ្វើការកត់សម្គាល់ជាទូទៅឃើញមានកំណើននៅក្នុងរង្វង់មួយដែលអាចផ្គត់ផ្គង់បាន បានន័យថាអតិផរណាយើងនៅគ្រប់គ្រងបាន។
លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា «អ្វីដែលក្រសួងពាណិជ្ជកម្មចង់បាន៖១)-ការចរាចរទំនិញស្ថិតនមានភាពមមាញឹកធ្វើឱ្យសាច់ប្រាក់វិលទៅវិលមកជាហេតុធ្វើការចរាចរទំនិញមានកាន់តែច្រើន ជំរុញឱ្យសេដ្ឋកិច្ចជឿនលឿននិង២)- យើងធ្វើការពិនិត្យទីផ្សាររបស់យើងនៅតាមទីក្រុងភ្នំពេញក្តីនិងតាមជនបទក្តី ក្នុងប្រទេសនាពេលបច្ចុប្បន្ន យើងបានគ្រប់គ្រងទំនិញបានល្អនិងផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលានោះ។ យើងឃើញថាទំនិញមិនមានការខ្វះខាតនៅលើទីផ្សារ»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកថ្លៃប្រហាក់ប្រហែល៧៦ដុល្លារអាមេរិកក្នុងមួយបារ៉ែលឬឡើងតិចតួច តែព័ត៌មានដែលគួរឱ្យបារម្ភគឺការប្តេជ្ញាចិត្តកាត់បន្ថយបរិមាណផលិតរបស់បណ្តាប្រទេសផលិតប្រេង។តែទោះជាយ៉ាងនេះក្តីសម្រាប់កម្ពុជាអាចគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារបាន។
លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា«នៅប៉ុន្មានខែដើមឆ្នំា២០២៣មកនេះក្រសួងពាណិជ្ជកម្មគ្រប់គ្រងបានលើការផ្គត់ផ្គង់ប្រេងនិងការធ្វើអន្តរាគមន៍លើថ្លៃប្រេង គឺយើងបានកំណត់ថ្លៃផ្អែកលើទៅលើថ្លៃប្រេងលក់ជាអន្តរជាតិ និងការស្រុះស្រួលគ្នាឬ ធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋនិងវិស័យឯកជនឃើញថាតម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសយើងគ្រប់គ្រងបាន។ តួយ៉ាងនៅសប្តាហ៍នេះថ្លៃប្រេងសំាងលក់រាយនៅថេ ចំណែកថ្លែងប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ។ ដូចនេះតំាពីដើមឆ្នំា២០២៣មក រហូតមកដល់ឥលូវនេះតម្លៃប្រេងម៉ាស៊ូតមានការប្រែប្រួលថ្លៃ៥០រៀលពីរដង ហើយបើសិនសភាពការនៅលើពិភពលោក តម្លៃប្រេងឆៅមិនឡើងថ្លៃច្រើនទេ យើងអាចរំពឹងទុកបានថា តម្លៃប្រេងលក់រាយមិនមានការប្រែប្រួលខ្លំាងនោះទេ»។
លោកលើកឡើងថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន សម្រាប់សន្និធិប្រេងស្តុកទុកប្រើប្រាស់និងលក់នៅក្នុងទីផ្សារ យើងអាចគ្រប់គ្រងបាន អីចឹងយើងអត់មានវិបត្តិបង្ហាញថាមានការខ្វះខាតប្រេងឥន្ធនៈសម្រាប់លក់ ធ្វើឱ្យមានការចលាចលឡើងថ្លៃខុសសណ្តាប់ធ្នប់គឺអត់មានទេ។ នៅមុនសភាពការបោះឆ្នោតនិងក្រោយបោះឆ្នោតនេះ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការស្នូលរបស់ខ្លួនគឺការគ្រប់គ្រងទីផ្សារបានត្រឹមត្រូវល្អហើយការគ្រប់គ្រងថ្លៃប្រេងឥន្ធនៈវាសមស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់មានកាលពីកន្លងមក៕ អត្ថបទ៖សារេត