សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសប្រើប្រាស់គណនីtwitter របស់មហាសេដ្ឋី Elon Musk បន្ថែមទៀតដែលសម្តេចប្រើប្រាស់យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។
នៅលើបណ្តាញ Telegram ផ្លូវការផ្ទាល់ខ្លួននាល្ងាចថ្ងៃទី៨កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពេលនេះទៅសម្តេចនឹងប្រើប្រាស់ជាផ្លូវការនូវគណនី twitter បន្ថែមលើបណ្តាញ telegram,YouTube,TikTok,ដែលកំពុងប្រើស្រាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី នាពេលថ្មីៗនេះ បានសម្រេចបញ្ឈប់ការប្រើប្រាស់គណនី Facebook Page ជាផ្លូវការរបស់សម្តេច ក្រោមការគ្រប់គ្រងពីក្រុមហ៊ុន Meta Platform របស់មហាសេដ្ឋីអាមេរិក Mark Zuckerberg ។ក្រោយមកសម្តេចតេជោបានចាប់ផ្តើមមកប្រើប្រាស់គណនី Telegram, TikTok, YouTube ជាផ្លូវការវិញម្តង។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។
ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។
បន្ថែមពីលើនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានសម្រេចបញ្ឈប់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូបមិនឱ្យចូលទឹកដីកម្ពុជាទៀតឡើយ៕