ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារអំពាវវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូឌីម៉ាយ សេលេនស្គី ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់
បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។
ការចេញសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅពេលនេះលើបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួននៅថ្ងៃអាទិត្យនេះ បន្ទាប់ពីសារព័ត៌មានជុំវិញពិភពលោកផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ ការណ៍នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
សម្តេចតេជោ បានដកស្រង់បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី
អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរក្នុងន័យដើមបែបនេះថា «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ
ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។
សូមជម្រាបជូនថា សង្គ្រាមរុស្សុី-អ៊ុយក្រែន បានផ្ទុះឡើងប្រមាណជាង១ឆ្នាំមកហើយនៅមិនទាន់មានការថមថយកម្លាំងប្រយុទ្ធនៅឡើយ។ នៅថ្ងៃព្រហស្បតិ៍ ទី២៣ កុម្ភៈ ពោលមួយថ្ងៃមុនខួប ១ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិបានទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងអំពាវនាវឲ្យមានសន្តិភាពត្រឹមត្រូវ និងយូរអង្វែង។
សេចក្តីសម្រេចចិត្តដែលគ្មានការបង្ខិតបង្ខំបានទទួលសំឡេងគាំទ្រចំនួន ១៤១សំឡេង សំឡេងប្រឆាំងចំនួន ៧សំឡេង និងសំឡេងអនុបវាទចំនួន ៣២សំឡេងនៅក្នុងចំណោមសមាជិកទាំង ១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិ។ សំឡេងប្រឆាំងទាំង ៧សំឡេងមានរុស្ស៊ី បេឡារុស ស៊ីរី កូរ៉េខាងជើង ម៉ាលី នីការ៉ាហ្កា និងប្រទេសអេលីត្រេ។ ចំណែកចិន និងឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលបានបោះឆ្នោតអនុបវាទ៕