សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដោយជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តការរវាងកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់កិច្ចការអភិវឌ្ឍន៍សកលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ការថ្លែងឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះត្រូវបានធ្វើឡើង “កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្តីពីសកម្មភាពសកល សម្រាប់ការអភិវឌ្ឍរួម» នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធវីដេអូដែលកិច្ចប្រជុំរៀបចំឡើងដោយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ សម្តេច ហ៊ុន សែន បានបានថ្លែងថា ពិតណាស់ថា, យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកលបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និង ស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច,សង្គម,និងបរិសា្ថន។
ដោយសម្តេច សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា៖« នៅក្នុងបរិបទខាងលើនេះ, យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI)» ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០»។
បន្ថែមពីនេះ សម្តេចបានយល់ឃើញថា៖ «នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាចខ្វះបាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស, កាត់បន្ថយគម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និងសកល, ការជំរុញការវិនិយោគ ដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ»។
យ៉ាងណាមិញ នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិតកំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង បានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)» ។ សម្តេចជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ពិសី