ដើម្បីទប់ខ្លួនកុំឱ្យមុខរបរចិញ្ចឹមជ្រូកដួលរំលំឬឈានដល់ការបិទទ្វារនៅពេលតម្លៃជ្រូករស់នៅលើទីផ្សារមិនទាន់ឆ្លើយតបទៅនិងការចង់បានរបស់អ្នកចិញ្ចឹម លោក អាន ឬទ្ធី ជាអ្នកចិញ្ចឹមជ្រូកម្នាក់ នៅភូមិស្នាសង្គ្រាម ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាម ក្រៅពីពង្រឹងការដំាដុះបន្លែផ្លែឈើ លោកបានផ្លាស់ប្តូរយុទ្ធសាស្ត្រខ្លះៗពីការលក់ជ្រូករស់ទៅលើទីផ្សារ បែរមកធ្វើជ្រូកអំាងលក់ដោយខ្លួនឯង ដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ការចំណាយលើមុខរបរចិញ្ចឹមជ្រូក។
លោក អាន ឬទ្ធី បានឱ្យដឹងថា «មកដល់សព្វថ្ងៃនេះ យើងបានផ្លាស់ប្តូរយុទ្ធសាស្ត្រខ្លះៗដែរ។ កាលពីមុនការចិញ្ចឹមជ្រូកយើងលក់ជ្រូករស់ទៅលើទីផ្សារទំាងឌុល ប៉ុន្តែឥលូវនេះ យើងធ្វើជ្រូកអំាងលក់ដោយខ្លួនឯងដើម្បីយកប្រាក់ទៅចំណាយលើថ្លៃទិញចំណីបានប្រមាណ៣០ទៅ៤០%។លើសពីនេះយើងកំពុងរកមើលទីផ្សាររហូតដល់ឈានទៅកាប់ជ្រូកលក់នៅដោយខ្លួនឯងនៅក្នុងសហគមន៍ថែមទៀត»។
ក្រៅពីប្រើយុទ្ធសាស្ត្រធ្វើជ្រូកអំាងលក់ដោយខ្លួនឯង អស់មួយក្បាលទៅពីរក្បាលជារៀងរាល់ថ្ងៃ លោកអាន ឬទ្ធី ទទួលបានចំណូលមួយផ្នែកទៀតពីការដំាដំណាំបន្លែផ្លែឈើប្រមាណ៣០% យកទៅទ្រទ្រង់នៅក្នុងមុខរបរចិញ្ចឹមជ្រូករបស់ខ្លួននាពេលលសព្វថ្ងៃ។
លោកបញ្ជាក់ថា «មុខរបរចិញ្ចឹមជ្រូកសព្វថ្ងៃនេះ បើមិនមានច្នៃប្រឌិតមុខរបរបន្ថែមជួយទេ អាជីវកម្មចិញ្ចឹមជ្រូកមួយនេះបានបិទទ្វារយូរហើយ ខណៈកសិករចិញ្ចឹមជ្រូកលក្ខណៈខ្នាតតូចនៅក្នុងតំបន់ប្រហែល៦០%ពួកគាត់បានបិទទ្វារឈប់ចិញ្ចឹមជ្រូក»។ស្របពេលតម្លៃជ្រូករស់មិនទាន់ឆ្លើយតបទៅការចង់បានរបស់ប្រជាកសិករដែលអ្នកចិញ្ចឹមជ្រូក សម្រាប់លោក អាន ឬទ្ធី គ្រាន់តែចំណាយប្រាក់តែទៅលើចំណីក្នុងមួយខែអស់ជាង៣ម៉ឺនដុល្លារអាមេរិក។
លោក បន្តថា កសិករចិញ្ចឹមជ្រូកនៅក្នុងប្រទេស ទិញចំណីសម្រេចពីខាងក្រុមហ៊ុន នៅពេលដែលតម្លៃជ្រូករស់នៅតំបន់ខ្លះកសិករអាចលក់បានក្នុងរង្វង់៩០០០រៀ់លក្នុងមួយគីឡូក្រាម នេះគឺកសិករមិនអាចរកផលចំណេញពីមុខរបរបានទេ ទាល់តែតម្លៃជ្រូកចាប់ពីថ្លៃ១០.០០០រៀលឡើងទៅ ទើបបានផលចំណេញខ្លះ។
លោកលើកឡើងថា «នៅពេលខាងមុខយើងមានគម្រោងកាត់បន្ថយជ្រូកបន្តទៀត(លក់ចេញ) ប៉ុន្តែយើងរង់ចំាមើលនៅថ្ងៃមុនបុណ្យភ្ជុំបិណ្ឌឬក្រោយបុណ្យភ្ជុំបិណ្ឌខែ១០ឬខែ១១បើជ្រូកមិនឡើង ឬតម្លៃវានៅទ្រឹងដដែល យើងនឹងកាត់បន្ថយទៀត។នៅវគ្គក្រោយនេះ អាចកាត់មេជ្រូពូជ៧០ក្បាល ក្នុងចំណោម១៥០ក្បាល និងជ្រូកសាច់មួយចំនួន ដើម្បីយកទុនមកបង្វិលសម្រាប់ពេលខាងមុខ»៕
អត្ថបទ៖សារេត