ស្ថិតនៅក្នុងកាលៈទេសៈតម្លៃជ្រូករស់នៅក្រោមថ្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម មានការលើកឡើងថាកសិករទិញកូនជ្រូកពីគេយកមកចិញ្ចឹមចាប់ពី៣០ក្បាលឡើងទៅចៀសមិនផុតពីការខាតបង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារថែមទៀតផង។
កសិករចិញ្ចឹមជ្រូកនៅខាងខេត្តសៀមរាប លោក អាន ឬទ្ធី បានឱ្យដឹងថាបច្ចុប្បន្ននេះកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនិងខ្នាតតូចមានប្រហែល៦០%បានបិទទ្វារឈប់ចិញ្ចឹមជ្រូកនៅក្នុងតំបន់ ហើយក៏អត់មានកសិករណាហ៊ានចិញ្ចឹមទៀតដែរ ដោយអ្នកខ្លះបានចេញទៅធ្វើការដើម្បីបានប្រាក់ខែយកមកបង់ឱ្យខាងធនាគារនិងមីក្រូហិរញ្ញវត្ថុវិញ។
លោកបន្តថា ស្ថិតក្នុងកាលៈទេសៈតម្លៃជ្រូកដូចសព្វថ្ងៃនេះ កសិករទប់ខ្លួនមិនជាប់ទេ។ សម្រាប់អ្នកចិញ្ចឹមជ្រូកទិញកូនជ្រូកពីគេយកមកចិញ្ចឹមចាប់ពី៣០ក្បាលឡើងទៅ ដឹងថាមិនអាចរកផលចំណេញបានទេ ចៀសមិនផុតពីខាតបង់ប្រាក់នោះឡើយ។
បើតាមលោក អាន ឬទ្ធី បើកសិករចិញ្ចឹមជ្រូកចំនួន៣០ក្បាល ក្នុងមួយថ្ងៃត្រូវការចំណាយប្រាក់ទៅលើថ្លៃចំណីប្រហែល៥០ដុល្លារអាមេររិក។ដូចនេះបើក្នុងមួយខែកសិករត្រូវការចំណាយប្រាក់អស់ជាង១ពាន់ដុល្លារអាមេរិក បើ៤ខែត្រូវការចំណាយប្រាក់ជាង៥ពាន់ដុល្លារអាមេរិក។ដល់ពេលលក់ជ្រូកចេញវិញបើជ្រូកមួយក្បាលលក់បានប្រហែល១៧០ដុល្លារអាមេរិក ជ្រូក៣០ក្បាលអាចលក់បានប្រាក់ជាង៥ពាន់ដុល្លារ ដូចនេះប្រាក់បានមកពីការលក់ជ្រូកបានគ្រាន់តែទូទាត់លើថ្លៃចំណីអស់លុយល្មម រកប្រាក់ចំណេញមិនឃើញ។
លោកសង្កត់ធ្ងន់ថា« កសិករពឹងផ្អែកប្រាក់ចំណូលតែមួយមុខទៅលើមុខរបរចិញ្ចឹមជ្រូក មិនអាចទប់ខ្លួនបានទេនិងបានកំពុងជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុដោយ អ្នកខ្លះបានចេញទៅធ្វើជាពលករ កសិករខ្លះទៀតនៅដំាដំណាំក្បែរផ្ទះ ហើយអ្នកខ្លះទៀតបានចេញមកស៊ីឈ្នួលគេ ធ្វើជាកម្មករសំណង់ជាដើម»។
លោក អាន ឬទ្ធី ចាត់ទុកថាចំណេះផ្នែកហិរញ្ញវត្ថុរបស់កសិករនៅមានកម្រិត ហើយខ្ញុំមើលឃើញថាកសិករប្រកបមុខរបរតែមួយមុខលើវិស័យចិញ្ចឹមជ្រូកនេះប្រាកដជាជួបបញ្ហា យ៉ាងហោចដាច់ឆ្នំា២០២៣អាជីពចិញ្ចឹមជ្រូករបស់គាត់មិនមានលទ្ធភាពដោះបំណុលពីធនាគារឬមីក្រូហិរញ្ញវត្ថុបានទេ ព្រោះមុខរបរចិញ្ចឹមជ្រូកនេះតម្លៃជ្រូកនៅលើទីផ្សារងើបយឺតពេក៕
អត្ថបទ៖សារេត