កសិករចិញ្ចឹមជ្រូកនៅខាងសៀមរាប ធ្វើជ្រូកអំាងលក់​ដើម្បីទប់ខ្លួនកុំឱ្យអាជីវកម្មឈានដល់ការបិទទ្វារ

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីទប់ខ្លួនកុំឱ្យមុខរបរចិញ្ចឹមជ្រូកដួលរំលំ ឬឈានដល់ការបិទទ្វារនៅពេលតម្លៃជ្រូករស់នៅលើទីផ្សារមិនទាន់ឆ្លើយតប ទៅនិងការចង់បានរបស់អ្នកចិញ្ចឹម លោក អាន ឬទ្ធី ជាអ្នកចិញ្ចឹមជ្រូកម្នាក់នៅភូមិស្នាសង្គ្រាម ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រៅពីពង្រឹងការដំាដុះបន្លែផ្លែឈើ លោកបានផ្លាស់ប្តូរយុទ្ធសាស្ត្រខ្លះៗពីការលក់ជ្រូករស់ទៅលើទីផ្សារ បែរមកធ្វើជ្រូកអំាងលក់ដោយខ្លួនឯងដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ការចំណាយលើមុខរបរចិញ្ចឹមជ្រូក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អាន ឬទ្ធី បានឱ្យដឹងថា «មកដល់សព្វថ្ងៃនេះយើងបានផ្លាស់ប្តូរយុទ្ធសាស្ត្រខ្លះៗដែរ។ កាលពីមុនការចិញ្ចឹមជ្រូកយើងលក់ជ្រូករស់ទៅលើទីផ្សារទំាងដុល ប៉ុន្តែឥលូវនេះយើងធ្វើជ្រូកអំាងលក់ដោយខ្លួនឯងដើម្បីយកប្រាក់ទៅចំណាយលើថ្លៃទិញចំណីបានប្រមាណ៣០ទៅ៤០% ។លើសពីនេះយើងកំពុងរកមើលទីផ្សាររហូតដល់ឈានទៅកាប់ជ្រូកលក់នៅដោយខ្លួនឯងនៅក្នុងសហគមន៍ថែមទៀត»។

ក្រៅពីប្រើយុទ្ធសាស្ត្រធ្វើជ្រូកអំាងលក់ដោយខ្លួនឯង អស់មួយក្បាលទៅពីរក្បាលជារៀងរាល់ថ្ងៃលោក អាន ឬទ្ធី ទទួលបានចំណូលមួយផ្នែកទៀតពីការដំាដំណាំបន្លែផ្លែឈើប្រមាណ៣០% យកទៅទ្រទ្រង់នៅក្នុងមុខរបរចិញ្ចឹមជ្រូករបស់ខ្លួននាពេលលសព្វថ្ងៃ។

លោកបញ្ជាក់ថា« មុខរបរចិញ្ចឹមជ្រូកសព្វថ្ងៃនេះ បើមិនមានច្នៃប្រឌិតមុខរបរបន្ថែមជួយទេ អាជីវកម្មចិញ្ចឹមជ្រូកមួយនេះបានបិទទ្វារយូរហើយ ខណៈកសិករចិញ្ចឹមជ្រូកលក្ខណៈខ្នាតតូចនៅក្នុងតំបន់ប្រហែល៦០%ពួកគាត់បានបិទទ្វារឈប់ចិញ្ចឹមជ្រូក»។

ស្របពេលតម្លៃជ្រូករស់មិនទាន់ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាកសិករដែលអ្នកចិញ្ចឹមជ្រូក សម្រាប់លោក អាន ឬទ្ធី គ្រាន់តែចំណាយប្រាក់តែទៅលើចំណីក្នុងមួយខែអស់ជាង៣ម៉ឺនដុល្លារអាមេរិក។

លោក បន្តថា កសិករចិញ្ចឹមជ្រូកនៅក្នុងប្រទេស ទិញចំណីសម្រេចពីខាងក្រុមហ៊ុន នៅពេលដែលតម្លៃជ្រូករស់នៅតំបន់ខ្លះកសិករអាចលក់បានក្នុងរង្វង់៩០០០រៀ់លក្នុងមួយគីឡូក្រាមនេះគឺកសិករមិនអាចរកផលចំណេញពីមុខរបរបានទេ ទាល់តែតម្លៃជ្រូកចាប់ពីថ្លៃ១០.០០០រៀលឡើងទៅទើបបានផលចំណេញខ្លះ។

លោកលើកឡើងថា« នៅពេលខាងមុខយើងមានគម្រោងកាត់បន្ថយជ្រូកបន្តទៀត(លក់ចេញ) ប៉ុន្តែយើងរងចំាមើលនៅថ្ងៃមុនបុណ្យភ្ជុំបិណ្ឌឬក្រោយបុណ្យភ្ជុំបិណ្ឌខែ១០ឬខែ១១បើជ្រូកមិនឡើង ឬតម្លៃវានៅទ្រឹងដដែលយើងនឹងកាត់បន្ថយទៀត។នៅវគ្គក្រោយនេះអាចកាត់មេជ្រូពូជ៧០ក្បាលក្នុងចំណោម១៥០ក្បាលនិងជ្រូកសាច់មួយចំនួន ដើម្បីយកទុនមកបង្វិលសម្រាប់ពេលខាងមុខ»៕

អត្ថបទ៖សារេត