កំលាំងជំនាញអង្គភាពសុីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែនមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន(SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះបានដំណេីរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
លោកបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះអាចដំណេីការទៅបានដោយមានការសំរបសំរួលពីរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ(JICA) និងទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ឧបករណ៍ដែលប្រើប្រាស់ក្នុងការហ្វឹកហាត់ត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រតិបត្តិការដោះមីនតាមរយៈការប្រើប្រាស់រ៉ាដាដែលអាចកំណត់រូបរាងរបស់មីនដែលកប់នៅក្នុងដី។
ស្ថានទូតបានបញ្ជាក់ទៀតថា ប្រទេសជប៉ុនបានជួយគាំទ្រដល់ CMAC អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការកសាងសមត្ថភាព និងការផ្តល់ឧបករណ៍នានា ដូចជាឧបករណ៍រាវរកមីនជាដើម។ រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រដល់ CMAC ក្នុងការចែករំលែកចំណេះដឹងរបស់ខ្លួនជាមួយអ៊ុយក្រែន និងប្រទេសភាគីទីបីផ្សេងទៀត៕