មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមដើមខែកក្កដានេះ គម្រោងសាងសង់ស្ពានអាកាសស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសរស្ពាន។

គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សមួយនេះ បើកការដ្ឋានសាងសង់កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ គម្រោងស្ពាននេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។

សូមបញ្ជាក់ថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានដែលបានឲ្យដំណើការចំនួន៧ហើយ។ ជារួមបើគិតទាំងស្ពានអាកាសដែលបានដាក់ឱ្យដំណើរការរួចរាល់ហើយ ចាយថវិកាប្រមាណ ៨៥,៦៤៨,៥០៩.៧ដុល្លារ ខណៈដែលកំពុងសាងសង់ និងត្រៀមបើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញមិនទាន់រាប់បញ្ចូលនោះទេ៕


