ស្របពេលតម្រូវការនាំចូលធ្យូងថ្មក្នុងឆ្នំា២០២២មានទឹកប្រាក់ជាង៥៥៤លានដុល្លារ និងនៅប៉ុន្មានខែដើមឆ្នំា២០២៣មានទឹកប្រាក់ជាង២៧៩លានដុល្លារ បច្ចុប្បន្នខេត្តព្រះសីហនុ មានក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើរោងចក្រផលិតអគ្គិសនីប្រើដោយថាមពលធ្យូងថ្មមានចំនួន៣ ក្នុងនោះមានក្រុមហ៊ុន Cambodian Energy Limited(CEL) ផលិតថាមពលអគ្គិសនីបាន២៣៥មេហ្គាវ៉ាត់,ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Electric Power Co., Ltd ផលិតថាមពលអគ្គិសនីបាន១៣៥មេហ្គាវ៉ាត់និងក្រុមហ៊ុនHuadian Sihanoukville Power Generation Co., Ltdផលិតថាមពលអគ្គិសនីបាន៧០០មេហ្គាវ៉ាត់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នៅខេត្តព្រះសីហនុយើងនេះ យើងមានរោងចក្រអគ្គិសនីដើរដោយធ្យូថ្មមានចំនួន៣រោងចក្រ ហើយរោងចក្រដែលខ្ញុំបានទៅពិនិត្យមើលកន្លងទៅនេះគឺរោងចក្រដែលវិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី(CEL) ហើយក្រុមហ៊ុន២ផ្សេងទៀតគឺជាការវិនិយោគរួមគ្នារវាងវិនិយោគិនចិន និងអ្នកនៅក្នុងស្រុក។
លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ថា «ក្នុងនាមខេត្តព្រះសីហនុយើងមានការរីករាយដោយមានការមកបណ្តាក់ទុន ដើម្បីលើកតម្កើងចំណូលចូលទៅក្នុងសេដ្ឋកិច្ចជាតិយើង ទំាងថាមពលសម្រាប់ប្រទេសយើងហើយផ្តល់ឱ្យកាសការងារឱ្យពលរដេ្ឋក្នុងស្រុកធ្វើ។តួយ៉ាងក្រុមហ៊ុនម៉ាឡេស៊ីមួយផ្តល់ការងារដល់ពលរដ្ឋជាង២០០នាក់ និងផ្តល់ចំណេះដឹងដល់កម្មករ»។
បើតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោក ឡុង ឌីម៉ង់ កាលថ្មីៗនេះឱ្យដឹងថា ថ្ងៃនេះខ្ញុំបានទៅពិនិត្យនិងមើលការងារផលិតអគ្គិសនីដោយប្រើប្រាស់ថាមពលធ្យូងថ្ម របស់ក្រុមហ៊ុនម៉ាឡេស៊ីមួយនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកបន្តថា «ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងការពិនិត្យទីតាំងជាក់ស្តែង ខ្ញុំបានថ្លែងការកោតសរសើរ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការឆ្លើយតប និងគោរពតាមវិធានការការពារបរិស្ថានរបស់ក្រសួងបរិស្ថានហើយនិងបានណែនាំឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ ផ្តល់ការសិក្សាទៅលើគុណភាពជលផល និងបរិមាណផលនេសាទ នៅតំបន់ជុំវិញគម្រោងបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវមេត្រីភាពបរិស្ថានជាអតិបរមា»។
បើតាម អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL )នេះ បានរួមចំណែកផ្គត់ផ្គង់ថាមពលអគ្គីសនីសម្រាប់ការប្រើប្រាស់នៅក្នុង និងក្រៅខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ២០១៣មក ហើយក្រុមហ៊ុនមានលទ្ធភាពសរុបអាចបង្កើនការផ្គត់ផ្គង់តាមតម្រូវការរហូតដល់ ២៣៥ មេហ្គាវ៉ាត់។
យោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅឆ្នំា២០២២កន្លងទៅកម្ពុជានាំចូលធ្យូងថ្មមានមកពីប្រទេស Indonesia, Australia, Russian Federation, Philines, Mozambique, China, Viet Nam, Zimbabwe, Lao, Thailand បើគិតតម្លៃប្រមាណជាង៥៥៤លានដុល្លារ។របាយការណ៍ដដែលបញ្ជាក់ថា នៅប៉ុន្មានខែក្នុងឆ្នំា២០២៣កន្លងមកនេះ កម្ពុជានាំចូលធ្យូងថ្មមកពីប្រទេសIndonesia, Australia, China, Viet Namនិងប្រទេស Thailand បើគិតជាតម្លៃមានជាង២៧៩លានដុល្លារ៕
អត្ថបទ៖សារេត