ក្រោយពីមានការជំរុញលើកទឹកចិត្តពីអ្នកជំនាញធ្លាប់ចិញ្ចឹមបង្កងតាមបែបធម្មជាតិអស់រយៈពេលជាច្រើនឆ្នំានៅក្នុងតំបន់ កសិករ ញ៉េប ឈឿន និងភរិយា រស់នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រំាង ខេត្តតាកែវ បានសម្រេចចិត្តចាប់ផ្តើមចិញ្ចឹមបង្កងដំបូងរបស់ខ្លួនចំនួន៣ម៉ឺនក្បាល មានក្តីរំពឹងថានឹងមានជីវភាពល្អប្រសើរ នៅពេលដែលការធ្វើស្រែនិងដំាំដំណាំទទួលបានប្រាក់ចំណូលនៅមានកម្រិត។

លោក ញ៉េប ឈឿននិងភរិយា រស់នៅភូមិឃុំខាងលើបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យសម្រេចចិត្តចាប់ផ្តើមចិញ្ចឹមបង្កងតាមបែបធម្មជាតិនេះ ដោយសារការធ្វើស្រែរាល់ពេលកន្លងមកមិនសូវជាបានផលនិងពិបាករកប្រាក់ចំណេញ លុះដល់ពូជីដូនមួយគាត់ធ្លាប់មានបទពិសោធន៍ខាងចិញ្ចឹមបង្កង មកដល់ឃើញទីតំាងរបស់ខ្ញុំ គាត់ជំរុញឱ្យចិញ្ចឹមបង្កងតាមគាត់។

លោកបញ្ជាក់ថា«នៅក្នុងការចាប់ផ្តើមចិញ្ចឹមបង្កងលើកដំបូងនេះ យើងដាក់កូនបង្កងចំនួន៣ម៉ឺនកូន ហើយខ្ញុំនៅតែជឿជាក់ថាមុខរបរមួយនេះនឹងទទួលបានផល ទន្ទឹមនឹងពូជីដូនមួយមានបទពិសោធន៍ចិញ្ចឹមបង្កងអស់រយៈពេលជាច្រើនឆ្នំានៅពីក្រោយ រួមផ្សំជាមួយនិងការខិតខំមើលថែរបស់យើងនៅពេលសព្វថ្ងៃ»។
បើតាមកសិករ ញ៉េប ឈឿននិងភរិយា បន្ទាប់ពីដាក់កូនបង្កងចិញ្ចឹមក្នុងស្រែអស់រយៈពេល២៧ថ្ងៃកន្លងមកនេះលោកសង្កេតឃើញថាកូនបង្កងមានការលូតលាស់បានលឿន នៅពេលដែលលើកកញ្ច្រែងដាក់ចំណីឱ្យស៊ីម្តងៗ ។

ទន្ទឹមនឹងមុខរបរចិញ្ចឹមបង្កងនេះវាមានទីផ្សារខ្ពស់បើធ្វើបាន វាល្អជាងការធ្វើស្រែ នៅពេលកន្លងមកក៏ដូចសព្វថ្ងៃនេះក្រុមគ្រួសារមួយនេះបានដំាបន្លែ ដំាឪឡឹកនិងចិញ្ចឹមត្រីដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពល្អប្រសើរ ។
លោកលើកឡើងថា« ពេលខាងមុខយើងមានគម្រោងជីកស្រះបន្ថែមសម្រាប់ចិញ្ចឹមឬចិញ្ចឹមបង្កងខ្លះទៀតហើយដីស្រែទុកទំនេរមួយកន្លែងផ្សេងទៀតយើងទុកដំាដំណាំរួមផ្សំដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់»៕
អត្ថបទ៖សារេត


