បច្ចុប្បន្ននេះ មានការលួចគណនីនៅលើ Social Media ច្រើនឡើងៗទាំងនៅតាម Telegram ឬ Facebook ហើយករណីលួចខ្លះ បានធ្វើឱ្យម្ចាស់គណនីបាត់បង់ទ្រព្យសម្បត្តិដល់រាប់ម៉ឺនដុល្លារ និងខូចកេរ្តិ៍ឈ្មោះផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាលួចគណនីលើបណ្តាញសង្គមនេះ លោក ទួង យីន អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំប្រព័ន្ធ Social Media សូមចែករំលែក ពីក្បួនបោកបញ្ឆោតរបស់ពួក Hacker ខ្លះៗ ដើម្បីឱ្យប្រិយមិត្តអ្នកអាន បានយល់ដឹង។

លោក ទួង យីន បានលើកឡើងថា ជាទូទៅនៅលើបណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក (Facebook) នៅសុខៗគឺគេមិនអាចលួចគណនី ឬផេក របស់យើងបានដោយស្រួលៗនោះទេ លុះត្រាតែយើងចាញ់ល្បិចកលគេ ដូចជា ការចុចនៅលើលីងផ្តេសផ្តាស ឬ Install កម្មវិធីណាមួយ ដែលគ្មានប្រវិត្តច្បាស់លាស់ ចូលទៅក្នុង Computer ឬទូរស័ព្ទដៃរបស់យើង។

លោកបានបន្ថែមថា៖ “ថ្មីៗនេះពួក Hacker បង្កើតផេកបន្លំខ្លួនជាក្រុមការងារ ហ្វេសប៊ុក ដោយ Mention ឈ្មោះផេកជាច្រើន ថាខុសគោលការណ៍របស់ហ្វេសប៊ុក ដោយទាមទារឱ្យចុចលីង ដែលគេបានដាក់ ក្នុងករណីនេះ បើបងប្អូនចុចទៅលើលីងនោះ ហើយបំពេញព័ត៌មានចូល គេនឹងអាចលួច គណនី និងផេកបាន”។


សូមជម្រាបថា លោក ទួង យីន ជាអ្នកជំនាញមានបទពិសោធន៍រៀបចំប្រព័ន្ធ Social Media ហើយថ្មីៗនេះ លោកបានជួយស្នើសុំ Blue Verified នៅលើ Social Media ដូចជា Facebook page, Instagram និង TikTok ជូន Influencers សិល្បៈករ និងកីឡាករបាល់ទាត់ ជាច្រើននាក់ គួរឱ្យកត់សម្គាល់ផងដែរ៕