ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
បើតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២២។
ធនាគារជាតិបន្តថា វិនិយោគផ្ទាល់បរទេសនៅកម្ពុជានេះ គឺមានប្រភពទុនចម្បង មកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងបន្ថែមទៀតថា លំហូរវិនិយោគនេះ គឺបានគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។
សូមរម្លឹកដែរថា កាលពីឆ្នាំ ២០២២ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ១៨៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគផ្ទាល់មកពីប្រទេសចិនមានប្រមាណ ៩០,៥ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា៕
អត្ថបទ៖ពិសី