ក្រសួងការពារជាតិ រៀបចំអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣/១៤ កក្កដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍កោតសរសើរពីស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងរាជអាវុធហត្ថបានកសាងនៅក្នុងរយៈពេល៣០ឆ្នាំ របស់កងរាជអាវុធហត្ថ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវខឿនការពារជាតិ, បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងជាអង្គភាពគម្រូមួយក្នុងកងយោធពលខេមរភូមិន្ទ អនុវត្តភារកិច្ចដែលប្រគល់ជូន ដូចជា ការកែទម្រង់ កសាងកម្លាំង អប់រំហ្វឹកហ្វឺននិងបណ្ដុះបណ្ដាល ការងារភស្តុភារនិងបច្ចេកទេស ការសាងសង់សំណង់ ជំរំជម្រក ពិសេសការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន “បង្ការ បង្ក្រាប និងសង្គ្រោះ” និងការចូលរួមពង្រឹងអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។
សូមជម្រាបជូនថា នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអ្នកដឹកនាំមួយរូបដែលមានទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួមពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕