ក្រោយពីទទួលបានបទពិសោធន៍ពីអាជីវកម្មផ្ទះត្រចៀកកំាអស់រយៈពេលច្រើន លោក ដួង វឌ្ឍនៈ បានអះអាងថាបើមានលុយត្រឹម១០ទៅ២០ម៉ឺនដុល្លារយកទៅសាងសង់ឬធ្វើផ្ទះត្រចៀកកំាដើម្បីបង្កើតប្រភពប្រាក់ចំណូលវាល្អជាងការយកទៅដាក់សន្សំបានការប្រាក់ពីខាងធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។

លោក ដួង វឌ្ឍន: បានឱ្យដឹងថាបច្ចុប្បន្នយើងមានទីតំាងធ្វើផ្ទះត្រចៀកកំាធំៗចំនួន៣កន្លែង ក្នុងនោះ២កន្លែងនៅខាងខេត្តកំពង់ធំនិង១កន្លែងទៀតនៅខាងខេត្តតាកែវ ហើយនៅក្នុងមួយខែៗប្រមូលបានផលសំបុកត្រចៀកកំាសរុបជាង១០គីឡូ ខណៈតម្លៃសំបុកត្រចៀកកំាក្នុងមួយគីឡូថ្លៃប្រមាណ៦០០ដុល្លារ។
លោក ដួង វឌ្ឍនៈ មានប្រសាសន៍ថា បើយើងយកលុយ២០ម៉ឺនដុល្លារទៅដាក់នៅខាងធនាគារជាមួយនិងអត្រាការប្រាក់៧ឬ៨%ក្នុងមួយឆ្នំា ហើយប្រាក់ដែលទទួលសរុបវាអាចឡើងលើសពី២០ម៉ឺនដុល្លារនោះទេ។ ប៉ុន្តែបើខ្ញុំយកលុយ២០ម៉ឺនដុល្លារដដែលទៅធ្វើផ្ទះត្រចៀកកំា ធ្វើចំទីតំាងមានសក្តានុពលល្អ ខ្ញុំប្រើពេលត្រឹមតែ២ឆ្នំាចរន្តសាច់ប្រាក់របស់ខ្ញុំយកទៅឱ្យខាងធនាគារវាយតម្លៃ ធនាគារអាចឱ្យលុយខ្ចីពី២០ទៅ៣០ម៉ឺនដុល្លារយកទៅធ្វើផ្ទះត្រចៀកកំាមួយទៀតបាន។

លោកសង្កត់ធ្ងន់ថា «សព្វថ្ងៃនេះនៅកម្ពុជាមានសក្តានុពលសម្រាប់ការធ្វើផ្ទះត្រចៀកកំា។បើយើងធ្វើផ្ទះត្រចៀកកំាប្រើដើមទុនក្នុងតម្លៃក្រោម១០ម៉ឺនដុល្លារ បើធ្វើចំកន្លែងមានសក្តានុពល ត្រឹមតែ២ឬ៣ឆ្នំា ធ្វើឱ្យលំហូរសាច់ប្រាក់ដែលបានមកពីការលក់សំបុកត្រចៀកកំាប្រចំាខែ យើងអាចយកឱ្យខាងធនាគារវាយតម្លៃ ខាងធនាគារឱ្យលុយខ្ចី១០ទៅ២០ម៉ឺនដុល្លារទៀតបាន។នេះគឺជាចំណុចពិសេសហើយអ្នកគេដឹងគេមិនបង្ហាញ ម្លោះហើយបានជាគេចេះតែមានឡើងដោយសារភាពឆ្លាតវៃរបស់ពួកគេ»។

លោកលើកឡើងថា ការសាងសង់ផ្ទះត្រចៀកកំានៅខាងតំបន់សមុទ្រមានច្រើន តែមកដល់បច្ចុប្បន្ននេះគេសម្លឹងឃើញជុំវិញបឹងទន្លេសាបជាតំបន់សក្តានុពលខ្លំាងសម្រាប់ការសាងសង់ផ្ទះត្រចៀកកំា។
តាមលោក ដួង វឌ្ឍនៈ បើយើងមានដើមទុនខ្លួនឯងធ្វើផ្ទះត្រចៀកកំាលើកទីមួយទទួលបានជោគជ័យ ហើយយើងចង់ធ្វើផ្ទះត្រចៀកកំា២ឬ៣ទៀតបាន ដោយគ្រាន់តែប្រើដើមទុនពីផ្ទះត្រចៀកកំាទីមួយ។

លោកបញ្ជាក់ថា «ខ្ញុំចាប់ផ្តើមគិតនិងធ្វើអាជីវកម្មផ្ទះត្រចៀកកាំនេះតាំងពីឆ្នាំ២០១៩ តែបានត្រឹមតែគិតដោយសាតែថវិកាមិនគ្រប់រហូតដល់២០២០ ហើយក្នុងពេលនោះ ខ្ញុំនិងបងជីដូនមួយបានជួបជជែកគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាត្រូវធ្វើផ្ទះត្រចៀកកំាឱ្យបាន ទើបនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ យើងសម្រេចបុកគ្រឹះផ្ទះត្រចៀកកាំដំបូងរបស់យើង»៕
អត្ថបទ៖សារេត

