អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចម្ងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។នេះបើតាមការឱ្យដឹងពីលោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ព្រលានយន្តហោះសៀមរាបអង្គរ នឹងក្លាយជាកម្លាំងជំរុញអ្នកទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន។
លោកបន្តថា៖« តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ហើយនៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសព្រលានយន្តហោះថ្មី លើទឹកដីខេត្តសៀមរាប នឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន»។
ជុំវិញរឿងនេះដែរ ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោកLU Wei បានអះអាងដែរថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិធុនធំ និងជាទីកន្លែងទេសចរណ៍ដ៏ប្រណិត។ លោកបន្តថា អាកាសយានដ្ឋាននេះ នឹងជំរុញការអភិវឌ្ឍន៏អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា បង្កើនទំនាក់ទំនង់រវាង ប្រទេសចិន និងប្រទេសកម្ពុជា ហើយជំរុញការអភិវឌ្ឍន៏វិស័យទេសចរណ៍កាន់តែមានសន្ទុះខ្លាំងជាងមុន។
លោកLU Wei បន្ថែមថា ជាមួយគ្នានេះដែរ អាកាសយានដ្ឋានថ្មីនេះ ក៏បានរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍន៏វិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយុទ្ធស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធស្ត្រ “ចតុកោណ” របស់កម្ពុជាផងដែរ ហើយវាក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន និងជាលទ្ធផលការសហការកម្ពុជា-ចិនផងដែរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។
នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕
អត្ថបទ៖ ពិសី