មន្ត្រីជាន់ខ្ពស់៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម​ឆ្នាំ២០១៩-២០២៣ ឆ្លុះបញ្ចំាងពីតម្រូវការជាក់ស្តែងនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣​ បានរៀបចំ និងចែកចេញជា១២ ជំពូក ដែលសុទ្ធសឹងតែជាចំណុចសំខាន់ៗ និងឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្ដែងនៅកម្ពុជាក្នុងបរិបទបច្ចុប្បន្ន។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម(CTIS)ឆ្នាំ២០១៩-២០២៣កាលថ្មីៗនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថាយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នំា២០១៩-២០២៣មាន៖ ១)-គោលនយោបាយពាណិជ្ជកម្ម និងកិច្ចចរចាក្នុងតំបន់, ២)- ពាណិជ្ជកម្ម ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងគុណភាពនៃកំណើន, ៣)-ជំនាញ ការអប់រំ និងការបណ្តុះបណ្តាលសម្រាប់កំណើន, ៤)-កិច្ចសម្រួលពាណិជ្ជកម្ម, ៥)-ភ័ស្តុភារពាណិជ្ជកម្ម, ៦)-ការប្រកួតប្រជែង បរិយាកាសធុរៈកិច្ច ហិរញ្ញវត្ថុពាណិជ្ជកម្ម និងកម្មសិទិ្ធបញ្ញា, ៧)-ស្តង់ដារ និងរចនាសម្ព័ន្ធគុណភាព, ៨)-ខ្សែសង្វាក់តម្លៃនៃកសិឧស្សាហកម្មសម្រាប់នាំចេញ, ៩)-ឧស្សាហកម្មធន់ស្រាលសម្រាប់ការធ្វើពិពិធកម្មនាំចេញ, ១០)-ពាណិជ្ជកម្មសេវាកម្ម, ១១)-ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិង ១២)-សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០»។

ពាក់ព័ន្ធនិងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នំា២០១៩-២០២៣ បើតាមលោកជំទាវរដ្ឋលេខាធិការ លើកឡើងថា ប្រវត្តិនៃការបង្កើតយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ផ្ដួចផ្ដើមដំបូងដោយអង្គភាពក្របខណ្ឌសមាហរណកម្មនៅឆ្នាំ២០០១ ក្នុងនាមជាប្រទេសអនុវត្តសាកល្បង ហើយបានធ្វើបច្ចុប្បន្នភាពលើកទី១ នៅឆ្នាំ២០០៧ ដោយផ្ដោតលើពិពិធកម្មការនាំចេញ ជាយន្តការគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា ដែលមានសសរស្ដម្ភចំនួនបីនៅក្នុងយន្តការអភិវឌ្ឍន៍ពាណិជ្ជកម្មមួយដែលហៅថា អភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម ក្នុងមានគោលបំណងបញ្ជ្រាប វិស័យពាណិជ្ជកម្មចូលទៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ការធ្វើបច្ចុប្បន្នភាពលើកទី២ នៅឆ្នាំ២០១៤ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដទៃទៀតដែលបានធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រនេះ បានពីរដង ដែលប្រធានបទរបស់ CTIS ឆ្នាំ២០១៤-២០១៨ បានសង្កត់ធ្ងន់លើកាលានុវត្តភាពនិងបញ្ហាប្រឈមរបស់កម្ពុជាក្នុងការពង្រីកនិងធ្វើពិពិធកម្មការនាំចេញ និងសិក្សាលម្អិតលើការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងទីផ្សារដទៃទៀត។ ហើយនៅឆ្នាំ២០១៨ យុទ្ធសាស្ត្រនេះត្រូវបានធ្វើបច្ចុប្បន្នលើកទី៣ដែលយុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩-២០២៣នេះ មានគោលបំណងជំរុញសមាហរណកម្មពាណិជ្ជកម្មកម្ពុជាចូលក្នុងទីផ្សារពិភពលោក ការធ្វើពិពិធកម្មទីផ្សារ និងផលិតផលសម្រាប់នាំចេញ៕

អត្ថបទ៖សារេត