ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅឆ្នាំនេះ ដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំដែលបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។នេះបើយោងតាមការព្យាករណ៍របស់ADBដែលចេញផ្សាយនៅថ្ងៃទី១៩ខែកក្កដានេះ។
តាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ីដដែលបង្ហាញថា អតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍត្រូវបានព្យាករថានឹងមាន៣,៦%នៅឆ្នាំនេះធៀបនឹងការព្យាករ៤,២% កាលពីខែមេសា។ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណាសម្រាប់ឆ្នាំ ២០២៤ គឺកើនឡើងដល់៣,៤%ពីការប៉ាន់ស្មាន៣,៣% កាលពីលើកមុន។
ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនក្នុងតំបន់។ សេដ្ឋកិច្ចរបស់ PRC ត្រូវបានព្យាករថានឹងកើនឡើង ៥,0% នៅឆ្នាំនេះ ដូចការព្យាករកាលខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ ការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀត របស់តំបន់អាស៊ីកំពុងអភិវឌ្ឍធ្លាក់ចុះដោយសារការរឹតបន្តឹងរូបិយវត្ថុដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗដែលមានសេដ្ឋកិច្ចជឿនលឿន។ការព្យាករកំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយត្រូវបានកែសម្រួលតិចតួចមកត្រឹម ៤,៧%ពីការប៉ាន់ប្រមាណ ៤,៨% កាលពីខែមេសា។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា «អាស៊ី និងប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ពីជំងឺរាតត្បាតក្នុងល្បឿនមួយដែលថេរសកម្មភាព។ តម្រូវការ និងសកម្មភាពសេវាកម្មក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើនក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យទេសចរណ៍។ទោះជាយ៉ាងនេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែមានស្ថានភាពមិនល្អ»។
ADB រក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់អនុតំបន់ភាគច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក។ករណីលើកលែងរួមមានតំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះមកត្រឹម ៤,៦% នៅឆ្នាំនេះ និង៤,៩%នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មាន ៤,៧% (សម្រាប់ឆ្នាំនេះ) និង ៥,0% (សម្រាប់ឆ្នាំក្រោយ) កាលពី ខែមេសា។ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួលចុះតិចតួច មកត្រឹម ៤,៣% ពី ៤,៤% សម្រាប់ ២០២៣ និង ៤,៤% ពី ៤,៦% សម្រាប់ឆ្នាំ ២០២៤៕
អត្ថបទ៖សារេត