យោងតាមការចេញផ្សាយរបស់គេហទំព័រ Word Languages and Literature កាលពីពេលកន្លងទៅ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រមាណជាង១ពាន់លាននាក់នៅលើពិភពលោកកំពុងប្រើប្រាស់ភាសាចិន។ កម្ពុជា ក៏ប្រទេសមួយដែលមានការប្រើប្រាស់ភាសានេះសម្រាប់ទំនាក់ទំនងក្នុងវិស័យអប់រំ និងជំនួញ ព្រមទាំងវិស័យទេសចរណ៍ផងដែរ។
លោក ឡោ ឃាងសែ ដែលមគ្គុទេសន៍ទេសចរណ៍ជាតិផ្នែកភាសាចិន បានលើកឡើងថា ដ្បិតបច្ចុប្បន្ននេះ ភាសាចិននៅមិនទាន់ក្លាយជាភាសាផ្លូវការដូចភាសាអង់គ្លេសក៏ដោយ ប៉ុន្តែភាសាចិន គឺជាភាសាអាទិភាពមួយដែលកូនខ្មែរមិនគួរមើលរំលងនោះទេ។
ជាក់ស្តែងបើនិយាយអំពីការប្រើប្រាស់ភាសាចិននៅក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប លោកបានកត់សម្គាល់ឃើញថាមគ្គុទេសន៍ទេសចរណ៍ភាសាចិនក៏មានឱកាសទទួលបានការងារច្រើនពីទេសចរជនជាតិ។ ខណៈសូម្បីប្រជាពលរដ្ឋខ្មែរដែលចេះភាសាចិន ហើយប្រកបអាជីវកម្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏អាចរកប្រាក់ចំណូលបានច្រើនពីភ្ញៀវទេសចរចិនដែរ។
ទាក់ទិននឹងការលើកឡើងខាងលើនេះដែរ ប្រធានផ្នែកកម្មវិធីសិក្សាភាសាចិន នៃមជ្ឈមណ្ឌភាសាAii លោក ទីវ ជុងអៀង បានផ្តល់យោបល់ថា ការសិក្សាភាសាចិនគឺមិនងាយស្រួល ប៉ុន្តែក៏មិនពិបាកដែរ។ លោកបន្តថា សម្រាប់អ្នកយល់ពីរបៀបរៀន និងគន្លឹះរៀនភាសាចិនអាចឆាប់ចេះនិយាយក្នុងរយៈពេលខ្លី ព្រោះបច្ចុប្បន្នអ្នកសិក្សាភាសាចិនផ្តោតសំខាន់តែលើការនិយាយ ការអាន និងការស្តាប់តែប៉ុណ្ណោះ។
ប្រភព៖ https://www.mjqtv.asia អត្ថបទដោយ៖ សែម ពិសី ថតដោយ៖ ណុះ សាម៉េត