កូនស្រីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវជាចៅប្រសារលោក ជា សុផារ៉ា ឈ្នះបានមេដាយមាស ប្រាក់ ក្នុងវិញ្ញាសារប្រកួតផ្សេងៗគ្នា នៅប្រទេសអាមេរិក និងកូរ៉េខាងត្បូង កាលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៣នេះ។

លើទំព័រហ្វេសប៊ុកកាលថ្ងៃពុធ ទី១៨ ខែកក្កដា លោក ឃួង ស្រេង បានប្រកាសអបអរសាទរកូនស្រីខ្លួន ដែលបានឈ្នះមេដាយមាសសម្រាប់ការប្រកួតសរសេរតែងសេចក្តីជាក្រុម, មេដាយប្រាក់សម្រាប់ការប្រកួតការជជែកវែកញែកជាក្រុម, មេដាយមាសសម្រាប់ការប្រកួតសរសេរតែងសេចក្តីជាបុគ្គល,មេដាយប្រាក់សម្រាប់ការប្រកួតការជជែកវែកញែកជាបុគ្គល និងទទួលបានសិទ្ធចូលប្រកួតផ្តាច់ព្រាត់ពានរង្វាន់នៅសកលវិទ្យាល័យយេល (Yale University) ក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់មកពីបណ្តាប្រទេសជាង២០ចូលរួម នៃសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។


កូនស្រីលោក ឃួង ស្រេង ដែលទទួលបានមេដាយមាស ប្រាក់ និងពាន់រង្វាន់ពីកម្មវិធីលំដាប់ពិភពលោកនេះ មានឈ្មោះថា ឃួង ស៊ីណាម៉ាលីន ជាអនាតភរិយាលោក អ៊ាង និតិភពដេនីស ទើបទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសិក្សាអន្តរជាតិ និងការទូត (Masters of International Studies and Diplomacy) នៅសាកលវិទ្យាល័យ SOAS University of London នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

លោក និតិភពដេនីស គឺជាកូនប្រុសរបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងភរិយាលោកជំទាវ ជា សុផាកន្នី ដែលជាកូនស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។
លោក និតិភពដេនីស បានចូលរោងសិរីមង្គលពិធីចូលចែចូវជាមួយអនាគតភរិយារបស់ខ្លួន កញ្ញា ឃួន ស៊ីណាម៉ាលីន កូនស្រី របស់លោក ឃួង ស្រេង កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២៕
