តម្លៃលក់រាយនៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់៣១ ខែកក្កដា នឹងចុះមក៤.១៥០រៀល ក្នុង១លីត្រ សម្រាប់សំាងធម្មតា និង៤.០០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្រេចបញ្ចុះថ្លៃលក់រាយប្រេងឥន្ធនៈចំនួន៦,៥សេនដុល្លារ ក្នុង១លីត្រ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារក្នុង១លីត្រ។
ក្រសួងលើកឡើងថា «យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី២១ ដល់៣១ខែកក្កដា ឆ្នំា២០២៣ នឹងត្រូវលក់៤,៤១៨រៀលក្នុង១លីត្រ សម្រាប់សំាងធម្មតា និង៤២៦៨រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់៣១ខែកក្កដា ឆ្នំា២០២៣ នឹងចុះមក៤.១៥០រៀលក្នុង១លីត្រ សម្រាប់សំាងធម្មតានិង៤.០០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត»។
បើយោងតាម មន្ត្រីអ្នកនំាពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់ឱ្យប្រាប់ឱ្យដឹង ប៉ុន្មានខែដើមឆ្នំា២០២៣មកនេះក្រសួងពាណិជ្ជកម្មគ្រប់គ្រងបានលើការផ្គត់ផ្គង់ប្រេង និងការធ្វើអន្តរាគមន៍លើថ្លៃប្រេង គឺយើងបានកំណត់ថ្លៃផ្អែកលើទៅលើថ្លៃប្រេងលក់ជាអន្តរជាតិ និងការស្រុះស្រួលគ្នាឬធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋនិងវិស័យឯកជនឃើញថា តម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសយើងគ្រប់គ្រងបាន។
លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា «ជាក់ស្តែងនៅសប្តាហ៍នេះថ្លៃប្រេងសំាងលក់រាយនៅថេ ចំណែកថ្លែងប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ។ ដូចនេះតំាពីដើមឆ្នំា២០២៣មក រហូតមកដល់ឥលូវនេះ តម្លៃប្រេងម៉ាស៊ូតមានការប្រែប្រួលថ្លៃ៥០រៀលពីរដង ហើយបើសិនសភាពការនៅលើពិភពលោក តម្លៃប្រេងឆៅមិនឡើងថ្លៃច្រើនទេ យើងអាចរំពឹងទុកបានថា តម្លៃប្រេងលក់រាយមិនមានការប្រែប្រួលខ្លំាងនោះទេ»។
លោកបន្តថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន សម្រាប់សន្និធិប្រេងស្តុកទុកប្រើប្រាស់និងលក់នៅក្នុងទីផ្សារ យើងអាចគ្រប់គ្រងបាន អីចឹងយើងអត់មានវិបត្តិបង្ហាញថាមានការខ្វះខាតប្រេងឥន្ធនៈសម្រាប់លក់ ធ្វើឱ្យមានការចលាចលឡើងថ្លៃខុសសណ្តាប់ធ្នាប់គឺអត់មានទេ។នៅមុនសភាពការបោះឆ្នោតនិងក្រោយបោះឆ្នោតនេះ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការស្នូលរបស់ខ្លួនគឺការគ្រប់គ្រងទីផ្សារបានត្រឹមត្រូវល្អហើយការគ្រប់គ្រងថ្លៃប្រេងឥន្ធនៈវាសមស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់មានកាលពីកន្លងមក៕
អត្ថបទ៖សារេត